FN ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហាញគោលជំហរគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ផ្លាស់ប្តូរពីផែនទីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 វិញ ដើម្បីបោះបង្គោលព្រំដែនដែលនៅសេសសល់។ នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ពុំធ្វើអត្ថាធិប្បាយរឿងនេះទេ នៅថ្ងៃសៅរ៍នេះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ថ្មីៗនេះ ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅក្រៅកិច្ចប្រជុំ CLV នៅឯខេត្តសៀមរាប ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការធ្វើលិខិតរួមស្នើទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីឱ្យជួយធ្វើផែនទីគឺផ្ទេរពីផែនទីខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 វិញ។ សម្តេចតេជោ ក៏បានចាត់តាំង លោក ឡុង វីសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា ពង្រាងឯកសារជាមួយភាគីវៀតណាម ដើម្បីរៀបចំលិខិតស្នាមផ្លូវការដើម្បីស្នើឲ្យកាន់រដ្ឋាភិបាលបារាំង។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅដោយនិរទេសខ្លួន បានបង្ហាញជំហរគាំទ្រការកែប្រែខ្នាតផែនទីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ដួចផ្ដើមគំនិតជាមួយរដ្ឋាភិបាលវៀតណាមនេះ។ លោក សម រង្ស៊ី ត្រូវបានស្រង់សម្តីដោយវិទ្យុអាស៊ីសេរីថា៖ «វាជាគំនិតល្អ ខ្លួនខ្ញុំក៏មាន គំនិតដូចគ្នាអ៊ីចឹងដែរ។ យើងត្រូវពឹងពាក់អ្នកដែលមានជំនាញ មានបទពិសោធន៍ មានឯកសារ ដោយសារគេមានពាក់ព័ន្ធរឿងនេះជិត ១៥០ឆ្នាំមកហើយ ដូច្នេះយើងសប្បាយចិត្ត»។
ទោះជាយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈដែល លោក យឹម សុវណ្ណ មិនអាចទំនាក់ទំនងបាន នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ Fresh News យ៉ាងខ្លីថា «ខ្ញុំអត់បានទទួលព័ត៌មានហ្នឹងទេ ដូច្នេះគណបក្សសង្រ្គោះជាតិអត់ទាន់មានបានប្រជុំជជែករឿងហ្នឹងទេ»។
កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់អ្នកលេង Facebook ថា ផែនទីបោនខ្នាត 1/100,000 ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ មានការលំបាកក្នុងការរកចំណុចនីមួយៗ ដើម្បីបោះបង្គោលព្រំដែន ព្រោះតែផែនទីនេះមានទំហំតូចពេក។ ចំណែកផែនទី UTM ខ្នាត 1/50,000 វិញ មានភាពប្រសើរច្រើន ដែលងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។
ឆ្លើយនឹងសំណួរអ្នកលេង Facebook ដែលបានចូលទៅ Comment លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងប្រើផែនទីបោនខ្នាត 1/100,000 នេះជាផែនទីដើមដែលរដ្ឋធម្មនុញ្ញ ទទួលស្គាល់។ ខ្នាត 1/100,000 គឺលំបាករកចំណុច ដើម្បីបោះបង្គោលព្រំដែន ព្រោះវាតូចពេក។ ដូចនេះត្រូវផ្ទេរមកផែនទី UTM ខ្នាត 1/50,000 វិញ ទើបងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន»។
សម្តេចបានបញ្ជាក់បន្ថែមចំពោះការស្នើទៅភាគីបារាំងថា «បើផែនទីខ្នាតកាន់តែធំកាន់តែពិបាករកចំណុចដូចនេះ ហើយបានខាងកងទ័ព គេផលិតផែនទីសំរាប់ថ្នាក់ បញ្ជាការតាមកំរិត។ ថ្នាក់យោធភូមិភាគប្រើខ្នាត1/50,000 ថ្នាក់កងពលខ្នាត 1/25,000 រហូតមានប្រើខ្នាត 1/10,000 ដើម្បីងាយស្រួលរកចំណុចឈរជើង របស់កងទ័ព ឬវាយកាំភ្លើងធំ។ល។…សម្រាប់សុរិយោដីដែលត្រូវធ្វើប្លង់ដីកាន់តែត្រូវការ ផែនទីខ្នាតធំ ដើម្បីជៀសវាងចេញប្លង់ដីជាន់គ្នា នាំដល់ទំនាស់ព្រំដី រវាងគ្រួសារមួយ ជាមួយគ្រួសារមួយទៀត។ អ្នកគូសប្លង់អាគារ ឬផ្ទះកាន់តែត្រូវការពង្រីកផែនទីឲ្យ កាន់តែធំទើបពួកគាត់ងាយស្រួល និងអាចធ្វើបាន»។
សូមជំរាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនចំនួន៣១៤បង្គោល។ គណៈកម្មការព្រំដែន បានអះអាងថា គិតរហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែនបានចំនួន ៨៣ភាគរយហើយ។ ប៉ុន្តែនៅប្រមាណ១៧ភាគរយទៀត មិនទាន់ត្រូវបានបោះនៅឡើយទេ៕