FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើជាថ្មីឱ្យរដ្ឋាភិបាលវៀតណាម គោរពកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយកុំឱ្យមានការសាងសង់សំណង់ផ្សេងៗនៅតាមបណ្តោយព្រំដែន ដែលមានលក្ខណៈប្រទាញប្រទង់គ្នា។ នេះបើតាមការអះអាងរបស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក កៅ គឹមហួន បានបញ្ជាក់បែបនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកបានបញ្ជាក់ថា «សម្តេច(តេជោ) បានស្នើដែរ គឺកន្លែងមិនទាន់ឯកភាពគ្នា ធ្វើយ៉ាងណាគឺថាឱ្យយើងរក្សា កុំឱ្យមានការសាងសង់អ្វីទាំងអស់ ហើយឱ្យគោរពឱ្យបានម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ»។
បើតាមការអះអាងរបស់គណៈកម្មការព្រំដែន បានឱ្យដឹងថា ប្រទេស កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនចំនួន៣១៤បង្គោល។ រហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែន បានចំនួន៨៣ភាគរយហើយ ។
នៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏បានជំរុញឱ្យមានការបោះបង្គោលឱ្យបានឆាប់រហ័សបន្ថែមទៀត នៅកន្លែងដែលភាគីទាំងពីរឯកភាពគ្នាផងដែរ។ លោក កៅ គឹមហួន បានបញ្ញាក់បន្ថែមថា «ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែននេះ កន្លែងណាដែលបានឯកភាពគ្នារួចហើយ ត្រូវជំរុញឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននេះ បោះបង្គោលព្រំដែនឱ្យបានឆាប់»។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការធ្វើលិខិតរួមគ្នាស្នើទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំងមកជួយធ្វើផែនទីគឺផ្ទេរពីផែនទី ពីខ្នាត១លើ១០០ពាន់ មក១លើ៥០ពាន់វិញ។ សម្តេចតេជោ បានចាត់តាំង លោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេសពង្រាងឯកសារជាមួយភាគីវៀតណាមដើម្បីរៀបចំលិខិតស្នាមផ្លូវការ។
ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាផងដែរក្នុងការជួយសម្រួល ដល់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ អោយមានស្ថានភាព និងជីវភាពភាពរស់នៅកាន់តែល្អប្រសើរ៕