FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមរយៈពេល២ថ្ងៃ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីវៀតណាម។ នេះបើតាមការបញ្ជាក់ពី លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក កៅ គឹមហួន បានបញ្ជាក់បែបនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក កៅ គឹមហួន បានបញ្ជាក់ថា «ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម ដែលអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមនៅពេលខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាព ទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦នេះ»។
លោកបានបន្ថែមថា អំឡុងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនេះ នឹងមានកិច្ចប្រជុំមួយចំនួន ហើយរដ្ឋាភិបាលប្រទេសទាំងពីរ នឹងពិភាក្សាពង្រឹងទំនាក់ទំនងទ្វេភាគី និងបន្តពិភាក្សាអំពីការងារមួយចំនួនទៀត៕