FN ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលធ្លាប់រងការវាយប្រហារពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅកម្ពុជា បានហៅថាជា «ជនផ្តាច់ការ» នោះ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ជាមួយនេះដែរ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងនៅក្នុង Comment Facebook របស់ Fresh News នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងខ្លឹមសារថា៖ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទលោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការ តើគិតយ៉ាងណាបើត្រាំ និងក្លាយជា ប្រធានាធិបតីអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖
«ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។ ពូកែលាបពណ៌ពូកែមួលបង្កាច់ ពូកែវាយប្រហារ។ល។ អីចឹងហើយបានជាមានសង្គ្រាម នៅអ៉ីរ៉ាក់ លីប៊ី ស៊ីរី យ៉េមែន។ល។ មិនឈប់សោះដែលមួយផ្នែកចេញមកពីសាព័ត៌មានអុចអាល។ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទ លោកត្រាំថា ជាជនផ្តាច់ការ តើគិត យ៉ាងណាបើត្រាំ និងក្លាយជាប្រធានាធិបតីអាមេរិក។ ឯលោកម្នាក់ទៀតដែលបាននិយាយថា បើត្រាំ ឈ្នះឆ្នោតគឺជាយុគ្គសម័យ នៃការរះឡើងនៃក្រុមអវិជ្ជា (ពួកល្ងង់) ល្មមចាកចេញពីអាមេរិកមុនពេលលោកត្រាំស្បថចូលកាន់ដំណែងដើម្បីកុំឱយពួកអាល្ងង់ត្រួតក្បាលទាន់»។
សូមជំរាបថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បុរសដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ ជាមួយសំឡេងគាំទ្រលើសលប់ ខណៈគូប្រជែងរបស់លោកមកពី គណបក្សប្រជាធិបតេយ្យ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រតិចជាង។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកា បានហៅលោក ដូណាល់ ត្រាំ ថា មិនមែនជាជាអ្នកប្រជាធិបតេយ្យនោះ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយ។ លោក សម រង្ស៊ី ថែមទាំងបានលើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុត ចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ៕