FN ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី និង លោក Rustam Minnikhanov ប្រធានរដ្ឋកាតាកស្តែនរបស់រុស្ស៉ី កាលពីម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមានរបស់សមមិត្តរុស្ស៉ី ហើយសម្តេចចាត់ទុកថា រុស្ស៉ីគឺជាមិត្តចាស់របស់កម្ពុជា តាំងពីទសវត្សរ៍ ៥០មកម្ល៉េះ។
នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន បានសរសេរថា «សម្តេចតេជោ ចាត់ទុកសហព័ន្ធរស្ស៉ី ជាមិត្តចាស់តាំងពីទសវត្សរ៍ ៥០ មកម៉្លេះ។ ប្រទេសរុស្ស៉ី បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជួយកសាងកម្ពុជា។ មានសមិទ្ធផលជាច្រើនដែលជាជំនួយរបស់រុស្ស៉ី ដូចជាផ្លូវថ្នល់ សាលាតិចណូ និងមន្ទីរពេទ្យរុស្សីជាដើម»។
សម្តេចបានបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រទេសទាំងពីរកំពុងបោះជំហានទៅមុខ។
លោក Nikolay និង លោក Rustam Minnikhanov បានដឹកនាំប្រតិភូក្រុមហ៊ុនធំៗមួយចំនួនមកពីប្រទេសរុស្ស៉ី ដូចជាក្រុមហ៊ុនតាត់ណេស ដែលជាក្រុមហ៊ុនតេឡេខមធំ, ក្រុមហ៊ុនកាសាន់ហ៊ីលីខុបធ័រ (ក្រុមហ៊ុនផលិតឧទ្ឋម្ភាគចក្រ) ក្រុមហ៊ុនរថយន្តកាម៉ាស់, និងអ្នកវិនិយោគគិនជាច្រើនទៀត មកជួបពិភាក្សាការងារជាមួយ សម្តេចតេជោ។
សម្តេចតេជោ ស្វាគមន៍ចំពោះវត្តមានរបស់បណ្តាក្រុមហ៊ុនធំៗ ដែលមកជាមួយគណៈប្រតិភូ និងបានឯកភាពខិតខំបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ទាំងកំរិតនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កន្លងទៅថ្មីៗនេះក្នុងពេលដែល សម្តេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ក៏មានការចុះកិច្ចព្រមព្រៀងមួយចំនួនអំពីកិច្ចសហការ និងការងារវិនិយោគរវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សាការងារថ្ងៃនេះ គឺបានពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការបានកាន់តែប្រសើរខ្លាំងឡើង ថែមទៀតរវាងកម្ពុជា និងរុស្ស៊ី។ ទន្ទឹមនឹងនេះ មន្រ្តីរុស្ស៊ីក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ពាក់ព័ន្ធមួយចំនួនរបស់កម្ពុជាផងដែរ នៅក្នុងទិសដៅជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ពាណិជ្ជករ និងអ្នកវិនិយោគគិនរុស្ស៊ី នឹងអញ្ជើញមកធ្វើទស្សនៈកិច្ចជាថ្មីទៀត នៅកម្ពុជា ដើម្បីរកមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា៕