FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្ដាល ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មករ កម្មការិនី ដោយធ្វើកែសម្រួលតម្លៃទឹក ភ្លើង ឲ្យបានទាប ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ-និយោជិត។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «ខេត្តកណ្ដាល គឺជាខេត្តដែលសំបូរទៅដោយរោងចក្រជាង១៥០ ដូច្នេៈអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដល់ការរស់នៅរបស់បងប្អូនកម្មករ ឲ្យបានល្អប្រសើរដោយការសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅទាប ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់»។
សម្តេចតេជោ បានលើកឡើងទៀតថា ខេត្តកណ្តាល មានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូច្នេះអាជ្ញាធរខេត្ត ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការ គ្នាអភិវឌ្ឍន៍ខេត្តកណ្ដាល ឲ្យកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងការធ្លាក់ចុះ កម្ពុជានៅរក្សាបានកំណើនសេដ្ឋកិច្ចថេរ (៧%) និងអតិផរណា (៣%)។ បច្ចុប្បន្ននេះគឺប្រទេសកំពុងឈានចញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ គោលដៅកម្ពុជានៅឆ្នាំ ២០៣០ គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ជាប្រទេសដែលប្រាក់ចំណូលកម្រិតខ្ពស់។
សម្តេចតេជោ បានក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅខេត្តកណ្ដាល ជាពិសេសត្រូវគ្រប់គ្រង និងទប់ស្កាត់ឲ្យបាននូវអំពើអំពើឃាតកម្ម ឆក់ប្លន់ ចោរកម្ម និងថ្នាំញៀនដែលជាបញ្ហាធំ កុំឲ្យយុវជនយើងរងគ្រោះ។ អាជ្ញាធរត្រូវធ្វើការសហការគ្នាឲ្យ បានក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងខិតខំផ្តល់នូវសេវាសាធារណៈ ដែលមានសេវាសំណូមពរ និង សេវាតម្រូវការចាំបាច់មួយចំនួន ដែលត្រូវដោះស្រាយ ជូនប្រជាពលរដ្ឋអោយបានល្អឆាប់ និងមានប្រសិទ្ឋភាព មិនយកម្រៃសេវាលើសពីតម្លៃ ដែលច្បាប់បានកំណត់។ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរុញឲ្យ មន្រ្តីរាជការត្រូវតែខិតខំបំបាត់ឲ្យអស់នូវភាពអសកម្មនានា និងត្រូវមានឥរិយាបទសមរម្យ ខណៈពេលបំពេញការងារ។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ ត្រូវយកចិត្តទុកដាក់ការពារ តំបន់អភិរក្សឡូនេសាទ និងតំបន់ការពារមួយចំនួនឲ្យបានល្អ រួមទាំងយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធភាព។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមផងដែរថា អាជ្ញាធរត្រូវអនុវត្តឲ្យបានល្អនូវសារាចរណ៍ណែនាំ អំពីផ្សារលក់ដូរដែលបានចេញរួចហើយ ព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់អាជីវករតាមបណ្ដាផ្សារ ដែលខ្លួនគ្រប់គ្រង ដោយឲ្យពួកគាត់មានសិទ្ធិលក់ដូរតកូនតចៅ ព្រមទាំងមានសិទ្ធលក់ផ្ទេរសិទ្ធិ ទៅឲ្យអ្នកដទៃបាន តែមិនអាចផ្តល់កម្មសិទ្ធជូនបានទេ។