FN ៖ «ខ្ញុំនៅតែយល់ឃើញថា ការអប់រំល្អ គឺជាកូនសោ សម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ»។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ ០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការសិក្សារៀនសូត្រ មិនត្រឹមតែអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាការងារមួយតម្រូវឲ្យ មានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តាបុពលសម្រាប់ការអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និង បច្ចេកវិទ្យានេះ ឧត្តមភាពប្រកួតប្រជែង របស់ប្រជាជាតិមួយ នៅតែអាស្រ័យជាសំខាន់លើកត្តាធនធានមនុស្ស ដែលមានចំណេះដឹង ចំណេះធ្វើ ទូលំទូលាយ មានភាពច្នៃប្រឌិត និងមានជំនាញច្បាស់លាស់»។
សម្តេចតេជោបន្តទៀតថា សង្គមជាតិមួយរីកចម្រើនទៅបាន មិនប្រាកដថា សង្គមនោះ ត្រូវសម្បូរណ៍ទៅដោយធនធានធម្មជាតិនោះទេ តែផ្ទុយទៅវិញ សង្គមជាតិ ដែលសម្បូរណ៍ដោយ ធនធានមនុស្ស ប្រកបដោយសក្តានុពល អាចប្រែក្លាយ សង្គមជាតិរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍ជឿនលឿនបានយ៉ាងរឹងមាំ។
សម្តេចតេជោបន្តថា ប្រការនេះតម្រូវឲ្យរាជរដ្ឋាភិបាលបន្តផ្តោត ការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាឡើងៗ ទៅលើការអភិវឌ្ឍន៍ «មូលធនមនុស្ស» ដែលជាកត្តាមុតស្រួចក្នុងការជួយទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចកម្ពុជា ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត ជាពិសេស ក្នុងពេលដែលកម្ពុជា មានចក្ខុវិស័យចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្សានិសិស្ស និស្សិត បន្តការសិក្សាទៅថ្នាក់ ខ្ពស់បន្តទៀត និងជាថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កុមារ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន៕