FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ នាំកូនចៅទៅចុះឈ្មោះ ចូលរៀនឲ្យបានគ្រប់ៗគ្នា ព្រមទាំងស្នើឲ្យអាណាព្យបាលចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងសារបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងនោះ យើងបានប្តេជ្ញាហើយថា មិនទុកឲ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រៅ ឬ មិនបានទទួលសេវាអប់រំឡើយ។ ទម្ទឹមនឹងនោះ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវឲ្យជនរួមជាតិ យើងទាំងអស់គ្នា ចូលនាំគ្នាយកកូនចៅទៅចុះឈ្មោះចូលរៀន ក្នុងដើមបវេសនការឆ្នាំសិក្សាថ្មីនេះ ឲ្យបានគ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូនចៅយើងថែមទៀត ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវជួយសម្របសម្រូល និងផ្តល់លទ្ធភាពដល់ពួកគេឲ្យបានចូលរៀន និងរៀនបានចប់តាមកម្រិតថ្នាក់ និងចប់ភូមិសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ឲ្យសមនឹងពាក្យថា «ចំណេះវិជ្ជាជាទ្រព្យគាប់ប្រសើរ»។ ក្នុងស្មារតីនេះ យើងត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ ឲ្យមានការរីកចំរើន និងលូតលាស់ ទៅមុខ បន្ថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចឲ្យបានស្មារតីទាមទារ ឲ្យយើងប្រមែប្រមូលកម្លាំង និងធនធានសរុបពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាគាំទ្រលើក កំពស់ វិស័យអប់រំជាតិ ដោយមិនមាននរណាម្នាក់ នៅក្រៅសេវាអប់រំ និងត្រូវការការបណ្តុះបណ្តាលឲ្យកូនចៅ ពិសេសយុវជន យើងជំនាន់ក្រោយឲ្យក្លាយជាមូលធនមនុស្ស ដែលមានសមត្ថភាព និងជំនាញខ្ពស់គ្រប់ៗគ្នាប្រកប ដោយសក្តានុពលសម្រាប់ពេលអនាគត។
សម្តេចតេជោបន្តថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការកែទម្រង់វិស័យអប់រំ ការកសាង ជំនឿទុកចិត្ត ចំពោះការងារ អប់រំ ក៏ដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកំពស់វិស័យអប់រំ ទាំងអ្នកសិក្សា និងគ្រូបង្រៀន ឲ្យប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំ ទាំងក្នុងតំបន់ និងពិភពលោក៕