FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនោះ សូមទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។
យោងតាម Facebook Page នាព្រឹកថ្ងៃអាទិត្យនេះ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា «សូមជូនពរជនរួមជាតិបានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ហើយសូមបើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ទន្ទឹមនឹងនោះ សូមកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតផង ចំពោះបងប្អូនដែលមិនទាន់បានទៅចុះឈ្មោះនៅឡើយ»។
ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ត្រូវជាថ្ងៃទី៥៨ នៃការចុះឈ្មោះបោះឆ្នោត ហើយ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ជាង ៦.៥លាននាក់ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សម្តេចតេជោ ក៏បានបង្ហាញរូបភាពវាយកូនគោល នៅប្រទេសឡាវកាលពីពេលថ្មីៗនេះ ហើយសូមឲ្យពលរដ្ឋលេងកីឡាបានគ្រប់ៗគ្នា ដើម្បីសុខភាព។
សម្តេចបានថ្លែងថា «ចំពោះខ្ញុំ បើនិយាយពីកិច្ចការរវល់នោះ គឺច្រើនខ្លាំងណាស់ សឹងតែរកពេលទទួល ទានបាយគ្មាន។ ហើយប៉ុន្មានអាទិត្យចុងក្រោយនេះ ពេលដែលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅតាមខេត្តគឺគីឡូខ្ញុំហាក់ដូចជាឡើង។ តើ បងប្អូន ក្មួយៗ និងចៅៗឃើញអញ្ចឹងដែរទេ? ខ្ញុំត្រូវឆ្លៀតពេលហាត់កីឡា ជាពិសេសទៅវាយកូនគោលយ៉ាងហោចណាស់បានម្តងក្នុងមួយអាទិត្យដើម្បីសុខភាព និងសម្រកទម្ងន់មកវិញ។ សុខភាពសំខាន់ណាស់ សូមជនរួមជាតិហាត់កីឡាគ្រប់ៗគ្នា។ ខ្ញុំសូមជូនរូបភាពវាយកូនគោលមួយចំនួននៅប្រទេសឡាវកាលពីពេលថ្មីៗនេះ»។