FN៖ នៅវេលាម៉ោងប្រមាណ៥៖៣០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសុន្ទរកថា អំពីខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈពេលសម្តេចបានអញ្ជើញ ជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន៖
ខាងក្រោមនេះជាសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តួចផ្តើមនយោបាយឈ្នះ។ សម្តេចបញ្ជាក់ថា ខ្លឹមសាររួមមាននយោបាយឈ្នះ៣ចំណុច ទី១៖ ធានាអាយុជីវិត អ្នកផ្តាច់ខ្លួនចេញពីខ្មែរក្រហម។ ទី២៖ ធានារក្សានូវអាជីព និងមុខរបរ និងទី៣ រក្សាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខួប២០ឆ្នាំ នៃសមាហរណកម្ម បានប្រែក្លាយតំបន់សមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍ។ សម្តេចបានឃើញថា តំបន់បង្ហូរឈាមពេលនេះក្លាយជាតំបន់អភិវឌ្ឍន៍។ នោះហើយដែលកម្ពុជាបានរកឃើញដោយខ្លួនឯង បន្ថែមលើកិច្ចព្រមព្រៀងក្រុងប៉ារីស។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយសង្ឃឹមថា អ្នកនយោបាយនឹងបកស្រាយឱ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយកុំយករឿងនេះ ដើម្បីកេងចំណេញនយោបាយ។
* សម្តេចថា សម្តេចបានប្រកាសនៅខេត្តប៉ៃលិន កាលពីឆ្នាំ១៩៩៦ថា ហ៊ុន សែន និងអ្នកជំនាន់ក្រោយមិនមែនជាអ្នកបង្កើតសង្រ្គាមនោះទេ ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា គឺបង្កើតដោយអ្នកជំនាន់មុន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ បើអត់មានការចរចា សីហនុ-ហ៊ុន សែន នៅតំណាក់កាលដំបូង គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ ហើយបើគ្មាននយោបាយឈ្នះៗ និងគ្មានការចូលរួមគាំទ្រដោយប្រជាពលរដ្ឋ ក៏កម្ពុជាគ្មានសន្តិភាពដែរ។