FN៖ ក្នុងដំណើរទស្សនកិច្ច ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចបានទៅដល់ខេត្តបន្ទាយមានជ័យ ដោយពេញមួយព្រឹកនេះ សម្តេចតេជោ បានចូលពិនិត្យស្ថានភាពសាលារៀនចំនួន៦។
ក្នុងការចុះពិនិត្យស្ថានភាព សាលារៀនទាំង៦នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវសាលារៀនចំនួន ៦ខ្នងស្មើនឹង១៤២បន្ទប់ និងផ្តល់ទីចាត់ការ២ខ្នង ស្មើនឹង៦បន្ទប់ រួមទាំងឧបត្ថម្ភនូវការរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់ទាត់ផងដែរ។ សាលារៀនទាំង៦ ដែលទទួលបានការឧបត្ថម្ភអគារសិក្សាទាំងនោះរួមមាន៖
១) វិទ្យាល័យទឹកជោ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់ ទីចាត់១ខ្នង មាន៣បន្ទប់ ចាក់ដីបំពេញទីធ្លា ធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ។
២) វិទ្យាល័យជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោសម្រេចផ្តល់ជូន អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ជួសជុលអាគារចាស់ៗ រៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ។
៣) សាលាបឋមសិក្សា ភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ផ្តល់ជូនអាគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ សាងសង់ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងបង្កើតទៅជាអនុវិទ្យាល័យ។
៤) សាលាបឋមសិក្សាគោកលុន ស្ថិតក្នងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោផ្តល់ជូន អាគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ រៀបចំទីធ្លាសាលា។
៥) សាលាបឋមសិក្សា ហ៊ុន សែន ឈ្នួរមានជ័យ ស្ថិតក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោផ្តល់ជូន អាគារសិក្សា១ខ្នង កំពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ទីចាត់ការ១ខ្នង ស្មើនឹង៣បន្ទប់ ផ្ទះគ្រូ១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់។
៦) វិទ្យាល័យ សេរីសោភ័ណ្ឌ ស្ថិតក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ សម្តេចតេជោផ្តល់ជូន អាគារសិក្សា១ខ្នង៤ជាន់ ស្មើនឹង ៤០បន្ទប់ រាងអក្សរ L ដោយជាន់ក្រោមដាក់ផ្នែកមតេយ្យ។
នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីរាជធានីភ្នំពេញដោយយន្តហោះឆ្ពោះទៅកាន់ខេត្តសៀម រាប រួចបន្តដំណើរតាមរថយន្តពីខេត្តសៀមរាប ទៅខេត្តបន្ទាយមានជ័យ ដើម្បីបន្តចុះសាកសួរសុខ ទុក្ខប្រជាជាពលរដ្ឋ មន្ត្រីរាជការកម្លាំងប្រដាប់អាវុធ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា៕