FN៖ បន្ទាប់ពីទទួលបានព័ត៌មានពីការលំបាកក្នុងការធ្វើដំណើរព្រោះតែគ្មានផ្លូវរបស់ប្រជាពលរដ្ឋនៅក្នុងភូមិមួយក្បែរផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើដំណើរស្ងាត់ៗ ទៅពិនិត្យឲ្យមើលឃើញជាក់ស្តែង។
បន្ទាប់ពីបានពិនិត្យមើលឃើញជាក់ស្តែងហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយកសាងផ្លូវបេតុងមួយខ្សែប្រវែង ១៣ គីឡូម៉ែត្រភ្ជាប់ពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ៤ កាត់តាមផ្សារបែកចាន។ ក្រៅពីការផ្តល់ផ្លូវសម្រួលការធ្វើដំណើរបំពេញតាមបំណងរបស់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលវត្តព្រះឥន្ទសាមគ្គីធម៌ ដើម្បីថ្វាយបង្គំព្រះសង្ឃ និងសំណេះសំណាលជាមួយប្រជាពុទ្ធបិរស័ទ និងសិស្សានុសិស្សនៅក្នុងវត្តនេះផងដែរ។
ក្រោយពេលសំណេះសំណាល និងពិនិត្យឃើញពីភាពខ្វះខាតនៅក្នុងវត្តសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយកសាងផ្លូវមួយខ្សែ ចូលវត្ត ដែលផ្លូវនេះតម្រូវឲ្យអាជ្ញាធរខេត្ត ស្រុក សហការជាមួយក្រុមដឹកដីជាអ្នកសាងសង់។ សម្តេចតេជោ ក៏បានជួយសាងសង់បង្ហើយ អគារសិក្សាមួយខ្នង និងកែលំអរអគារធម្មសភាមួយខ្នងផងដែរ។
បន្ថែមពីលើនេះ សម្តេចតេជោ បានជួយសងថ្លៃជីកស្រះទឹករបស់ព្រះសង្ឃដែលនៅជំពាក់គេមួយម៉ឺនដុល្លារ និងជួយរៀបចំប្រព័ន្ធលូ នៅក្នុងវត្ត ព្រមទាំងបានបញ្ជាទៅអាជ្ញាធរឲ្យបង្កើតវិទ្យាល័យនៅក្នុងវត្ត ដើម្បីបំពេញការសិក្សារបស់សិស្ស ហើយក៏បានចាត់ចែងឲ្យធ្វើ សមាហរណកម្មសាលារៀនឲ្យចូលទៅក្នុងក្របខណ្ឌក្រសួងអប់រំ និងបញ្ចូលគ្រូបង្រៀនទាំងអស់ទៅក្នុងក្របខណ្ឌផងដែរ។
បន្ទាប់ពីទទួលបានសមិទ្ធផលដ៏ច្រើន និងមិននឹកស្មានដល់នេះ ទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សបានបង្ហាញក្តីត្រេកអរខ្លាំង។ ព្រះសង្ឃ ក៏បានផ្តាំផ្ញើ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះតបគុណចំពោះបុគ្គលដែលបានធ្វើគុណ និងសេចក្តីល្អចំពោះខ្លួន។ ក្នុងន័យនេះ ព្រះសង្ឃចង់ផ្តាំផ្ញើដល់ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស ត្រូវគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលមានទឹកចិត្តសប្បុរសធម៌តែងបានជួយសាងសង់សមិទ្ធផលថ្មីៗនៅក្នុងវត្ត ក៏ដូចជានៅក្នុងភូមិ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕