FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត នៅស្ថានទូតថៃប្រចាំនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន សរសេរនៅលើសៀវភៅក្រាំងមាសថា «តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ចំពោះការសោយព្រះទិវង្គត របស់ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់ នៃប្រទេសថៃ និងជាព្រះមហាក្សត្រ ដែលបានគ្រងរាជសម្បត្តិយូរបំផុតក្នុងពិភពលោក កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ »។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសោយព្រះទិវង្គត របស់ព្រះមហាក្សត្រថៃ គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្ដិទាំងអស់លើពិភពលោក។ សូមរំលឹកថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល ១ឆ្នាំ៕