អត្ថបទ Fresh News
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៦ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលបាននិយាយបំផ្លើសខុសពីការពិតនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចំណងជើងថា «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ»។
លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានថ្លែងប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តជាពន់ពេក ជុំវិញការចុះផ្សាយចំណងជើងរបស់កាសែត The Cambodia Daily នៅព្រឹកថ្ងៃនេះថា ពាក្យពេជន៍លើចំណងជើង លើអត្ថបទនេះ គឺបានបំផ្លើសទាំងស្រុងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានលក្ខណៈញុះញង់ បំផ្លើស និងក្លែងខុសពីប្រសាសន៍ដើមរបស់សម្តេច ដោយនេះមានចេតនាយ៉ាងច្បាស់លាស់ ក្នុងគោលបំណងញុះញង់ និងដុតកំហឹងប្រជាពលរដ្ឋ។
ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងយ៉ាងច្បាស់ទៀតថា ចំណងជើងរបស់កាសែតមួយនេះ «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ» គឺមានបំណងឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស មានការច្រឡំយ៉ាងធ្ងន់បំផុតចំពោះវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលហាមចំពោះជនទាំងឡាយណាដែល ប្រព្រឹត្តទង្វើខុសច្បាប់ត្រូវចាប់ទាំងអស់ ទោះបីស្លៀកពាក់ពណ៌អ្វីក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ ហ្អែងចង់ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង! អត់មានរញ៉េរញ៉ៃទេ […]។ […] កន្លែងខ្លះគេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេថា ពណ៌ខ្មៅ ខ្ញុំថា ពណ៌អីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លាំងប្រដាប់អាវុធគេបង្កើតឡើង ដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដើម្បីដាក់អ្នកទោសកុំឆ្ងល់ពេក»។
ជុំវិញការចុះផ្សាយរបស់ The Cambodia Daily លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទាមទារឲ្យកាសែតមួយនេះ ធ្វើការកែតម្រូវជាបន្ទាន់ និងប្រញាប់ចំពោះការចុះផ្សាយខុសវិជ្ជាជីវៈរបស់ខ្លួនឡើងវិញ ដើម្បីគោលបំណងជៀសវាងការភ័ន្តច្រឡំរបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
សូមជំរាបថា កាលពីម្សិលមិញក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ បានបញ្ជាក់ដូច្នេះទៀតថា «សូមកុំប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដើម្បីបំពានអ្នកដទៃ កុំឲ្យសោះ រាជរដ្ឋាភិបាលត្រូវការរក្សាសន្តិភាពសម្រាប់ប្រទេស រក្សានូវស្ថេរភាពនយោបាយសម្រាប់ប្រទេស ដើម្បីការអភិវឌ្ឍ បុគ្គលធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើកុំតែអ្នកឯងធ្វើខុស វាគ្មាននរណាគេទៅចាប់អ្នកឯងទេ គ្មាននរណាយកអ្នកឯងទៅកាត់ទោសទេ»៕