ស្របពេលដែលកម្ពុជាកំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ពីប្រទេសដែលក្រីក្រ និងគ្មានអ្វីទាល់តែសោះ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ រហូតឈានមកជាប្រទេសកំពុងអភិវឌ្ឍនោះ គេឃើញមានលេចទ្បើងនូវចេតនាដ៏អាក្រក់របស់ប្រទេសខ្លះ ដែលមានចេតនាបំផ្លាញប្រទេសមួយចំនួន ក៏ដូចជាកម្ពុជាផងដែរ។ ចេតនាដ៏អាក្រក់បំផុតរបស់ប្រទេសនោះ គឺចលនាបដិវត្តន៍ពណ៌ ដែលកំពុងក្លាយជាមេរោគដ៏គ្រោះថ្នាក់បំផុត នៅសតវត្សរ៍ទី ២១ នេះ ក្រោមលេសយុទ្ធនាការទាមទារសិទ្ធិបញ្ចេញមតិ។
សកម្មភាពដែលបះបោរប្រឆាំងច្បាប់ មានចរិតនៃការគំរាមកំហែង ដាក់គំនាបលើស្ថាប័នច្បាប់ ហើយនាំគ្នាកាន់ជើងជនល្មើស និងបំភ្លេចឬសគល់នៃបញ្ហា ដែលជាដើមហេតុនៃការចាប់ខ្លួនមន្ត្រី NGOs។ ការពិតទៅ ពួកគេចាប់ខ្លួនមន្ត្រីអាដហុក ៤ រូប និងអគ្គលេខាធិការរង គ.ជ.ប គឺដោយសារពួកគេពាក់ព័ន្ធ នឹងបទល្មើសសូកប៉ាន់សាក្សី ឱ្យនិយាយកុហក ដើម្បីជួយដល់លោក កឹម សុខា។ មួយវិញទៀត ការដឹកនាំញុះញង់ធ្វើសកម្មភាពអាណាធិបតេយ្យតាមដងផ្លូវ មិនមែនជាជម្រើសត្រឹមត្រូវ នៃការប្រើសិទ្ធិសម្តែងមតិទេ ប៉ុន្តែវាថែមទាំងផ្ទុយពីច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ព្រោះក្រុមដង្ហែរក្បួនទៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ គឺមិនមានការអនុញ្ញាតពីអាជ្ញាធរឡើយ។
សម្រាប់កម្ពុជា នេះមិនមែនជាលើកទី ១ ទេ ព្រោះថា គេធ្លាប់បានដឹងលឺរួចមកហើយនូវចេតនាបំផុសឱ្យមានការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដូចជាការប្រើប្រាស់ផ្កាឈូក ដើម្បីធ្វើបដិវត្តន៍ ដោយមានការបង្គាប់ ឱ្យហ្វូងបាតុករ ដែលត្រូវបានគេកៀរគរមកធ្វើការតវ៉ា កាន់ផ្កាឈូកជានិមិត្តសញ្ញា ហើយការធ្វើបដិវត្តន៍ផ្កាឈូក របស់អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំងនាពេលនោះ ត្រូវបរាជ័យ ដោយសារ រាជរដ្ឋាភិបាល ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ទប់ស្កាត់បានទាន់ពេលវេលា។
នៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ នៅកម្ពុជាក៏ផ្ទុះឡើងម្តងទៀត នូវរូបភាពបដិវត្តន៍ពណ៌នេះ តាមរយៈ ការស្លៀកពាក់ខ្មៅវិញម្តង ដោយពួកបានធ្វើឡើងក្រោមរូបភាពជាការ ទាមទារឱ្យដោះលែងមន្ត្រីអង្គការសិទ្ធិ មនុស្ស ប៉ុន្តែធាតុពិតនេះជាការរៀបចំគម្រោងរបស់ពួកគេ ដើម្បីយកការទាមទារនេះធ្វើជាឈ្នាន់ប៉ុណ្ណោះ។
យោងលើអត្ថបទមួយ ដែលបានចុះផ្សាយនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦ នៅលើគេហទំព័រ VOD គឺជាភស្តុតាងយ៉ាងជាក់ច្បាស់ នូវគម្រោងផែនការដ៏ទុច្ចរីត នៃក្រុមដែលនៅពីក្រោយខ្នងការផ្តួចផ្តើមគំនិតបំផុស ឱ្យកម្ពុជាផ្ទុះឡើងនូវបដិវត្តន៍ពណ៌ខ្មៅនៅពេលនេះ។ អត្ថបទ ៦ ទំព័រកន្លះ ដែលត្រូវបានគេសង្ស័យថា មានប្រភពមកពីអាមេរិកនោះ បានសរសេររៀបរាប់យ៉ាងលំអិតអំពីតិចនិច ក្នុងការធ្វើបដិវត្តន៍ពណ៌ខ្មៅនៅកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ក្រឡែតថា វាមិនមែនជារឿងចៃដន្យទេ ដែលក្រុមសមាគម និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ប្រមូលផ្តុំគ្នា ស្លៀកពាក់ខ្មៅទាមទារឱ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ៤ រូប និងអគ្គលេខាធិការរង គ.ជ.ប នោះ។
ដូច្នេះ វាច្បាស់ណាស់ថា ការទាមទារឱ្យដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្ស គ្រាន់តែជាលេសតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតគោលបំណងរបស់គេ គឺធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយនឹងចាប់ផ្តើមបំផ្លាញប្រទេសកម្ពុជា បន្ទាប់ពីគម្រោងបដិវត្តន៍ពណ៌របស់គេទទួលបានជោគជ័យនោះ។ អ្វីដែលសំខាន់នៅពេលនេះ គឺចំណាត់ការរបស់អាជ្ញាធរ ត្រូវតែតឹងរ៉ឹង និងធ្វើយុទ្ធនាការស្តារស្ថានការណ៍ឡើងវិញ ដើម្បីបំបែក ឬកំទេចចលនាបដិវត្តន៍ពណ៌នេះ ឱ្យបានទាន់ពេលវេលា។ មួយវិញទៀត ប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានស្វែងយល់នូវគ្រោះថ្នាក់ដែលបណ្តាលមកពីបដិវត្តន៍ពណ៌នេះ និងចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់ នៃបដិវត្តន៍ពណ៌នេះ ដោយមិនដឹងខ្លួន។
គួរបញ្ជាក់ឱ្យដឹងថា បដិវត្តន៍ពណ៌ត្រូវបានបង្កើតឡើង ដោយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៨៣ ដោយបាននាំឱ្យមានការផ្លាស់ប្តូររបបនៅប៉ែកអឺរ៉ុប និងមជ្ឈឹមបូព៌ា ហើយកំពុងត្រូវបានគេបញ្ជ្រាបមកដល់ទ្វីបអាស៊ីហើយ។ មនុស្សមួយចំនួនមិនទាន់ដឹងពីអ្វីដែលជាបដិវត្តន៍ពណ៌នោះទេ ហើយអ្នកខ្លះទៀត បានក្លាយជាឧបករណ៍នៃបដិវត្តន៍ពណ៌នេះ ដោយមិនដឹងខ្លួន ព្រោះតែពួកគេមិនបានស្គាល់ពីគ្រោះថ្នាក់ នៃបដិវត្តន៍ពណ៌។ បដិវត្តន៍ពណ៌ គឺជារូបភាពរដ្ឋប្រហារថ្មីដើម្បីផ្លាស់ប្តូររបប ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ណាមួយ ដែលគេយល់ឃើញថា មិនចំណុះ ឬមិនផ្តល់ផលប្រយោជន៍ចំពោះនយោបាយអាមេរិក យុទ្ធសាស្ត្រនេះ គេប្រើប្រាស់កម្លាំងសង្គមស៊ីវិលដែលទទួលមូលនិធិរបស់គេ ដើម្បីធ្វើសកម្មភាព។
សរុបមក តាមរយៈបដិវត្តន៍ពណ៌នេះ ប្រទេសដែលត្រូវបានគេធ្វើបដិវត្តន៍ពណ៌ អាចនឹងធ្លាក់ក្នុងស្ថានភាពវឹកវរ ឬឈានដល់ដំណាក់កាលសង្គ្រាម ដោយសារតែមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ បដិវត្តន៍ពណ៌ គឺជាចលនាដ៏គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសនានា ដែលមិនអាចទប់ស្កាត់វាបាន ព្រោះវាអាចនឹងបំផ្លាញប្រទេសនោះបានទាំងស្រុង ពីសំណាក់អ្នកដែលប៉ុនប៉ងធ្វើវា។ ដូច្នេះហើយ រាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា រួមទាំងអាជ្ញាធរ គួរតែចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីទប់ទល់នឹងចេតនាអាក្រក់នេះ និងធានាឱ្យបាននូវការរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេសចេតនាបំផ្លាញកម្ពុជា ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរ និងសង្គ្រាម។
ដោយសារតែបដិវត្តន៍ពណ៌ ដែលកំពុងត្រូវបានរៀបចំឡើងដោយក្រុមទុច្ចរិត មានគំនិតខ្មៅកង្វក់មកលើកម្ពុជា អាចបង្កវិនាសកម្មសម្រាប់កម្ពុជា ដែលគេជឿថា មានសហរដ្ឋអាមេរិក និងក្រុមប្រឆាំងនៅពីក្រោយនោះ រាជរដ្ឋាភិបាលដែលកើតឡើងដោយស្របច្បាប់ តាមរយៈការបោះឆ្នោត ត្រូវតែបន្តមានវិធានការ និងចំណាត់ការអោយបានតឹងរ៉ឹង និងហ្មត់ចត់បំផុតក្នុងការទប់ស្កាត់ និងបំផ្លាញចោលនូវរាល់ទំរង់ នៃសកម្មភាពបដិវត្តន៍ពណ៍ទាំងនោះ ឱ្យបានជាដាច់ខាត ដើម្បីកុំអោយមេរោគដ៏គ្រោះថ្នាក់បំផុតមួយនេះ ត្រូវបានយកមកចម្លង និងបំផ្លាញសង្គមជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងវឌ្ឍនភាព៕