ប្រជាពលរដ្ឋមានទឹកទទួលទានហើយ ក៏ត្រូវបន្តស្តារ និងជីកស្រះ អណ្តូង
ផ្អាកការប្រជុំនៅភ្នំពេញ ទុកអោយអភិបាលខេត្តដឹកនាំការងារ រដ្ឋមន្ត្រី និងក្រសួងចុះមូលដ្ឋាន
ថ្ងៃ ០៣ ឧសភា ២០១៦, ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ២០១៦/២០៣០, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្វីបើក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ ភ្លៀងបានធ្លាក់ក្នុងតំបន់មួយចំនួន លាយឡំដោយគ្រោះថ្នាក់បណ្តាលពីខ្យល់កន្ត្រាក់ផង យុទ្ធនាការដោះស្រាយទឹកទទួលទានសម្រាប់ប្រជាពលរដ្ឋមិនទាន់នឹងចប់ទេ។ យុទ្ធនាការនេះនឹងបន្តលាតសន្ធឹងទូទាំងប្រទេស លុះត្រាតែប្រជាជនមានទឹកទទួលទានគ្រប់គ្រាន់ ទើបយុទ្ធនាការនេះអាចដកថយ។ សម្តេចតេជោ ណែនាំថា ទីដែលមានទឹកប្រើប្រាស់ដោយសារតែការធ្លាក់ភ្លៀង ត្រូវបង្វែរសកម្មភាពនៅទីនោះពីការផ្គត់ផ្គង់ទឹកតាមផ្ទះ នៅក្នុងតំបន់កំពុងខ្វះខាតទឹក ទៅជាសកម្មភាពជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយ ដើម្បីត្រៀមលក្ខណៈបង្ការដោះស្រាយបាតុភូតបែបនេះ នៅឆ្នាំក្រោយៗទៀត។
សម្តេចតេជោ វាយតម្លៃថា នេះជាមហន្តរាយមិនធ្លាប់មានក្នុងរង្វង់ ១០០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ហើយបានផ្តល់នូវមេរៀនធំណាស់ បន្ទាប់ពីជំនន់សហស្សវត្សរ៍ គឺជំនន់ឆ្នាំ ២០០០ ដែលនាំអោយការធ្វើផ្លូវ ការធ្វើស្ពាន ការធ្វើសាលារៀន ការធ្វើវត្តអារាម ត្រូវគិតពីកំពស់ទីតាំងអោយខ្ពស់ជាងទឹកជំនន់។ មេរៀនគ្រោះរាំងស្ងួតឆ្នាំនេះ ផ្តល់មេរៀនថា ត្រូវជីកអណ្តូងឲ្យជ្រៅជាងដង្ហើមទឹក នៅឆ្នាំ ២០១៦។ សម្តេចតេជោ អំពាវនាវដល់កាកបាទក្រហមកម្ពុជា នៅថ្នាក់ជាតិ នៅថ្នាក់ក្រោមជាតិ ចាត់ចែងថវិកាចាត់ចែងប្រើប្រាស់ថវិកាសប្បុរសជន ឆ្នាំ ២០១៦ ទៅរកគោលដៅដោះស្រាយទឹកជូនប្រជាពលរដ្ឋ តាមរយៈការដោះស្រាយស្រះទឹក អណ្តូងទឹកឲ្យបានច្រើន។
ជាថ្មីម្តងទៀត ក្រៅពីដាស់តឿនអោយចៅហ្វាយខេត្តធ្វើសេចក្តីរាយការណ៍សង្ខេបប្រចាំថ្ងៃ ដោយបញ្ជាក់ ពីទីតាំងមានភ្លៀង និងសកម្មភាពដោះស្រាយទឹក សម្តេចតេជោ បានសូមអោយផ្អាកកម្មវិធីប្រជុំនានា នៅភ្នំពេញ ដើម្បីឲ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំស្ថាប័ន ចុះទៅតាមខេត្ត ហើយទុកអោយអភិបាលខេត្ត បន្តមានវត្តមានធ្វើកិច្ចការក្នុងខេត្តរបស់ខ្លួន៕