ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ ជាមួយនឹងការសាទរនូវវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាជ័យលាភី សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យបន្តកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។ សម្តេចបានលើកឡើងថា ការផ្លាស់ប្តូរនៅក្នុងតំបន់ និងពិភពលោក ត្រូវឱ្យមានការប្រកួតប្រជែង ដែលធនធានមនុស្សបានក្លាយទៅជាបញ្ហាគន្លឹះពិតប្រាកដ ក្នុងដំណើរសមាហរណកម្មក្នុងក្របខណ្ឌតំបន់ អនុតំបន់ និងពិភពលោក។ ទាក់ទងជាមួយកិច្ចការតំបន់ និងពិភពលោក សម្តេចបានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិកបញ្ជូនរដ្ឋមន្ត្រីការបរទេសមកកម្ពុជា មុនពេលបើកកិច្ចប្រជុំរវាងអាស៊ាន និងសហរដ្ឋអាមេរិក ពិតជាអាចអោយយល់បានថា កម្ពុជា ជាប្រទេសមួយនឹងគេ ជារដ្ឋអធិបតេយ្យ និងជាអ្នកដែលមានខួរក្បាលដូចគេដូចឯងដែរ។ឆ្លើយតបទៅការរិះគន់របស់ក្រុមអ្នកវិភាគក្មេងខ្ចីមួយចំនួនអំពីអធិបតេយ្យរបស់កម្ពុជាកន្លងមក សម្តេចតេជោ អះអាងថា កម្ពុជាមានអធិបតេយ្យភាព មិនមានការចាំបាច់សុំយោបល់ពីប្រទេសណាទាំងអស់។ បើគ្មាននយោបាយឯករាជ្យនោះទេ កម្ពុជាមិនអាចចេញផុតពីអន្លង់គ្រោះថ្នាក់ពីអតីតកាល តាមរយៈនៃនយោបាយឈ្នះឈ្នះរបស់ខ្លួននោះឡើយ។ សម្តេចសង្កត់ធ្ងន់ថា “គ្មានការចាំបាច់ត្រូវរាយការណ៍ថា(កម្ពុជា)ធ្វើជាមួយអាមេរិកអញ្ចេះ … ធ្វើជាមួយចិនអញ្ចុះ ហើយគ្មានការចាំបាច់ទៅទីក្រុងតូក្យូ ដើម្បីប្រាប់ជប៉ុនថាធ្វើអញ្ចុះ ក៏ទេដែរ។ ខ្មែរ គឺខ្មែរ។ គ្មានអ្នកណាស្គាល់ខ្មែរជាងខ្មែរគ្នាឯងនោះទេ ហើយមានតែខ្មែរមួយគត់ដែលមានសិទ្ធិសម្រេច លើជោគវាសនារបស់ខ្មែរ។ លើកឡើងពីការជួបពិភាក្សាជាមួយ John Kerry រដ្ឋមន្តី្រការរទេសសហរដ្ឋអាមេរិក កាលពីពេលកន្លង ទៅថ្មីៗនេះ អំពីសមុទ្រចិនខាងត្បូង សម្តេចស្នើឱ្យសហរដ្ឋអាមេរិកផ្តល់យុត្តិធម៌ជូនសម្តេច ក៏ដូចប្រទេសកម្ពុជា។ តបទៅលោក John Kerry ដែលនិយាយថា មិនមែន(មកកម្ពុជា)ដើម្បីឱ្យមានការជ្រើសរើសរវាងអាមេរិក និងចិន សម្តេចតេជោថា កម្ពុជាក៏គ្មានការចាំបាច់រើសអ្នកណាដែរ ព្រោះកម្ពុជាត្រូវការធ្វើមិត្តទាំងអស់។ តើវាមានប្រយោជន៍អីដើម្បីឱ្យកម្ពុជារើសអ្នកនេះចោលអ្នកនោះ ចូលជាមួយអ្នកនេះប្រឆាំងអ្នកនោះ? យ៉ាងណាក្តី សម្តេចតេជោ បានប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថា ល្មមដល់ពេល សងនូវយុត្តិធម៌សម្រាប់ខ្ញុំអំពីសមុទ្រចិនខាងត្បូងកាលពីឆ្នាំ ២០១២ ហើយ។ មុនប្រជុំរវាងអាស៊ាន/អាមរិក ត្រូវធ្វើម៉េចឱ្យដឹងថា “ខ្ញុំមានការអន់ចិត្ត” ដែលថា ដោយសារកម្ពុជាជិតស្និទ្ធចិនពេកបានជាធ្វើ COC អត់ចេញ។ សម្តេចទាញហេតុផលជាមួយលោក John Kerry ថា ក្នុងខណៈដែលជាប្រធានវេនអាស៊ានមុនកម្ពុជា ប្រទេសដូចជាវៀតណាម និងឥណ្ឌូនេស៊ី ធ្វើ COC មិនចេញ ហើយប្រទេសបន្ទាប់ពីកម្ពុជាច្រើនទៀត ក៏ធ្វើមិនចេញដែរនោះ “តើអ្នកដែលធ្លាប់វាយប្រហារកម្ពុជាពីអតីតកាល គួរសុំទោសឬទេ? តើត្រូវសងយុត្តិធម៌ និងភាពស្អាតស្អំមកខ្ញុំវិញទេ”៕
Share this post