ថ្ងៃទី ២៦ ខែ មករា ក្នុងឱកាសចូលជួបប្រាស្រ័យការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ឯកឧត្តម ជន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទទួលស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបាននូវការរីកចម្រើនគួរឱ្យកត់សំគាល់ ជាពិសេស ភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ ក្រៅពីលើកឡើងថា កម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង និងមានឱកាសច្រើនសម្រាប់ជនជាតិអាមេរិកមកវិនិយោគនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការសន្តិភាពក្នុងពិភពលោក ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមអះអាងថា “កម្ពុជាជាប្រទេសតូចមួយ ហើយការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យជាទីបំផុត”។ ឯកឧត្ដម ជន ឃែរី ជម្រាបសម្ដេចតេជោ ពីគោលបំណងនៃទស្សនកិច្ចថា ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែ កុម្ភៈ ខាងមុខនេះ និងស្វែងរកវិធីដើម្បីក្ដាប់ឱកាសឱ្យកាន់តែធំធេងឡើងសម្រាប់ប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់ត្រឡប់មកវិញនូវរូបចម្លាក់បុរាណរបស់កម្ពុជា ហើយក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិក បន្តសកម្មភាពជួយដល់កម្ពុជា បើមានករណីដូចនេះទៀត និងបន្ថែមថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីការជួយ និងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកឡើយ។
សម្ដេចតេជោ បានស្នើអោយមានការរួមគ្នាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត និងបានវាយតម្លៃពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ពិសេស លើវិស័យប្រយុទ្ធប្រឆាំងភេរវកម្ម ថាកំពុងតែប្រព្រឹត្តទៅយ៉ាងល្អបំផុត។ សម្តេចបានសូមឱ្យអាមេរិកបន្តជួយកម្ពុជាលើវិស័យសុខាភិបាល, វិស័យអប់រំ និងការដោះមីន ក៏ដូចជា ពិចារណាអនុញ្ញាតឱ្យកម្ពុជានាំទំនិញចេញទៅសហរដ្ឋអាមេរិក ដោយពុំមានកូតា និងដោយរួចពន្ធ។ ទាក់ទងនឹងសមុទ្ទចិនខាងត្បូង សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បញ្ហាធំនៃបញ្ហាសមុទ្ទចិនខាងត្បូងនេះ គឺការត្រូវគោរពច្បាប់ ដែលអាស៊ាន និងចិន បានចុះហត្ថលេខា កាលពីឆ្នាំ ២០០២ លើឯកសារ DOC រួចហើយៗ អ្វីដែលគប្បីរួមគ្នាធ្វើនោះ គឺជំរុញអោយ មានការចុះហត្ថលេខាលើ COC បន្តទៀត៕