ថ្ងៃទី ២២ មករា ២០១៦ តាមរយៈហ្វេសប៊ុក សម្តេចតេជោបានសម្រេចបញ្ចុះតម្លៃការ(ចុះឈ្មោះ)ប្រឡងចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាល ពី ៥០០ ពាន់រៀល មកត្រឹម ១០០ ពាន់រៀល។ សម្តេចតេជោ បញ្ជាក់ថា សំណើរបស់យុវសិស្ស Darapiseth Sokha មកសម្តេចតេជោតាម Facebook សុំបញ្ចុះតម្លៃសម្រាប់ការប្រឡងចេញថ្នាក់ជាតិនៃវិស័យសុខាភិបាល ដែលត្រូវបង់ថវិកា ៥០០,០០០ រៀល បានធ្វើអោយសម្តេច យល់កាន់តែច្បាស់អំពីស្ថានភាពសិក្សា និងស្ថានភាពរស់នៅរបស់និស្សិតយើង ដែលចាំបាច់ត្រូវតែដោះស្រាយជាបន្ទាន់។
សម្តេចតេជោ លើកឡើងថា ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល “នៅថ្ងៃនេះ ខ្ញុំបានសម្រេចបញ្ចុះតម្លៃជូននិស្សិត នៅត្រឹម ១០០,០០០ រៀល។ ខ្ញុំសង្ឃឹមថានិស្សិតចំនួន ១៤៣៣ នាក់ នឹងបានធូរស្រាលមួយកម្រិតធំ ហើយនិងបាននៅសល់ថវិកាមួយចំនួនសម្រាប់យកទៅដោះស្រាយលើជីវភាពរស់នៅ អោយបានប្រសើរឡើង។ សម្តេចបញ្ជាក់ថា ការសម្រេចនេះជាការឆ្លើយតបជាបឋមទៅកាន់ក្មួយៗ និស្សិត ហើយទីស្តីការគណរដ្ឋមន្ត្រីនឹងចេញសេចក្តីជូនដំណឹង ដើម្បីស្ថាប័នមានសមត្ថកិច្ចយកទៅអនុវត្ត។
សម្តេចតេជោ បានសំដែងនូវការកោតសរសើរជូន ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ក្មួយៗ និស្សិត ដោយបានចូលពិនិត្យមើលការលើកនូវមតិនានា ក្នុង Facebook របស់សម្តេច៕