ថ្ងៃ ២២ មករា ឆ្នាំ ២០១៦, រួមជាមួយការថ្លែងអំណរគុណ ចំពោះយុវជនដែលតែងតែគាំទ្រ តាមដាន និងចែករំលែកព័ត៌មានពីគេហទំព័ររបស់ សម្តេចតេជោ ទៅកាន់មិត្តភក្តិ ទាំងក្នុង និងក្រៅប្រទេស ពិសេស នៅក្នុងកំឡុងពេលពិនិត្យសុខភាពនៅសឹង្ហបូរី តាមការណែនាំរបស់គ្រូពេទ្យជំនាញកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ហ្វេសប៊ុករបស់ខ្ញុំ ជាហ្វេសប៊ុកសន្តិភាព លើកតម្កើងសិទ្ធិសេរីភាព និងសកម្មភាពចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់យុវជន នឹងជួយជំរុញការកសាងសង្គមជាតិកាន់តែមានសន្ទុះលឿនទៅមុខ”។ សម្តេចអះអាងថា “ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទ្ធស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស ខ្ញុំនឹងបើកវេទិកាឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook របស់ខ្ញុំផ្ទាល់ លើប្រធានបទដែលមានសារៈសំខាន់នានា”។ សម្តេចតេជោ បានអញ្ជើញយុវជនអោយផ្ញើអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរតាមមូលបទកសាងសង្គមជាតិ ដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។ “យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជន គឺនឹងទទួលរង្វាន់លើកទឹកចិត្ត មានជាមេដាយ និងប័ណ្ណសរសើរពីនាយករដ្ឋមន្រ្តី” សម្តេចតេជោបញ្ជាក់។ កម្មវិធីនេះនឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខនេះ ដោយការជូនដំណឹងពីប្រធានបទជាក់លាក់ និងបែបបទនៃការប្រកួតប្រជែងនឹងមានជំរាបជូននៅពេលក្រោយ៕
Share this post