ថ្ងៃ ១៤ មករា ឆ្នាំ ២០១៦ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសហុងគ្រី រួមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីសោមនស្សរីករាយ ចំពោះមិត្តចាស់ហុងគ្រី ដែលបានភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាតាំងពី ឆ្នាំ១៩៦៣ មកម៉្លេះ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី បានស្ងើចសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន ប្រកបដោយកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ។ ថ្មីៗនេះ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតមួយថ្មីទៀត ហុងគ្រីបានបើកការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម និងបើកធនាគារដើម្បីផ្ដល់ឥណទាននៅកម្ពុជាផង។ ភាគីហុងគ្រីមានចំណាប់អា រម្មណ៍សហការ និងជួយកម្ពុជាលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យានៃការគ្រប់គ្រងទឹក កសិកម្ម បច្ចេក វិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធ។ ចំពោះការអភិវឌ្ឍធនធានមនុស្ស ហុងគ្រីបានសន្យាបន្តផ្ដល់អា ហារូបករណ៍យ៉ាងហោចណាស់ ចំនួន ១៥ កន្លែង ក្នុងមួយឆ្នាំដល់កម្ពុជា។ ប្រទេសទាំងពីរបានសន្យា ពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាជំរុញ ទំនាក់ទំនងទ្វេភាគីអោយកាន់តែល្អប្រសើរ។
នៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានទទួលជួបលោក និងប្រតិភូនិស្សិតកម្មសិក្សា ភាពជាអ្នកដឹកនាំនៅអាស៊ី នៃសកលវិទ្យាល័យសហរដ្ឋអាមេរិក ២៥ នាក់ មកពី ១២ វិទ្យាស្ថាន តំណាងអោយ ១១ ប្រទេស នៅវិមានសន្តិភាព។ ក្រៅពីបានផ្តល់ដំបូន្មាន រួមទាំងបទពិសោធន៍ធ្វើយ៉ាងណាក្លាយទៅជាមេដឹកនាំល្អនៅថ្ងៃអនាគត សម្តេចតេជោ បានចែករំលែកដល់ប្រតិភូនិស្សិត នូវបទពិសោធន៍នៃការអនុវត្តគោលនយោបាយឈ្នះ/ឈ្នះ ដែលបានបញ្ចប់សង្រ្គាម នាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា។ សម្តេចតេជោ បានបង្ហាញជូនប្រតិភូនិស្សិត អំពីតួនាទីអាស៊ាន ក្នុងការថែរក្សាសុខសន្តិភាពក្នុងតំបន់ និងការរួមគ្នាដោះស្រាយបញ្ហាសមុទ្រចិនភាគខាងត្បូងដោយឈរលើមូលដ្ឋានសន្តិភាព ដោយសង្កត់ធ្ងន់ថា ប្រទេសដែលពាក់ព័ន្ធ ត្រូវតែរួមគ្នាដោះស្រាយដោយផ្ទាល់ ចៀសវាងការបង្កបញ្ហាកាន់តែស្មុគ្រស្មាញបន្ថែមដល់ប្រទេសក្នុងតំបន់។ ការអនុវត្តកំណែទម្រង់លើគ្រប់វិស័យ ប្រព័ន្ធតុលាការ និងការបំបាត់អំពើពុករលួយ ត្រូវបានសម្តេចតេជោ អះអាងថាជាកត្តាជំរុញកំណើនសេដ្ឋកិច្ច និងការធ្វើអោយប្រសើរឡើងនូវយុត្តិធម៌សង្គម ដែលធានាបាននូវផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក Samuel Kim ធ្លាប់បានមកទស្សនកិច្ចច្រើនដងនៅកម្ពុជា បញ្ជាក់ថាការជ្រើសរើសកម្ពុជាដើម្បីសិក្សាស្វែងយល់ ព្រោះកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅចំណាត់ថ្នាក់ទី ៦ លើពិភពលោក និងកំពុងវិវត្តឆ្ពោះទៅមុខក្នុងផ្លូវវិជ្ជមាន៕