នៅថ្ងៃ ១០ មករា ឆ្នាំ ២០១៦ ក្នុងឱកាសដឹកនាំសន្និបាតលើកទី ៣៩ នៃគណកម្មាធិការកណ្តាលអាណត្តិទី ៥ នៃបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្យួរចោលការជាប់ពន្ធប្រថាប់ត្រាក្នុងការផ្ទេរមត៌កអចលនទ្រព្យពី ឪពុកម្តាយទៅកូន ពីជីដូនជីតាទៅអោយចៅ និងរវាងប្តីនិងប្រពន្ធក្នុងបំណងដោះស្រាយការព្រួយបារម្ភ និងកង្វល់ពីការបង់ប្រាក់ថ្លៃសេវា ក្នុងការផ្ទេរអចលនទ្រព្យដែលជាកេរ្តិ៍មរតកពីសមាជិកគ្រួសារម្នាក់ទៅសមាជិកគ្រួសារម្នាក់ទៀត។
សម្តេចតេជោ នៅបានជំរាបជូនប្រជាពលរដ្ឋទៀតថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញអគ្គិសនីរដ្ឋ ក្នុងបរិមាណពី ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែចុះក្រោម គឺបង់ថ្លៃត្រឹមតែ ៦១០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង តែប៉ុណ្ណោះ ហើយសង្ឃឹមថា ការសម្រេចបន្ធូរបន្ថយតម្លៃប្រើប្រាស់អគ្គិសនីជូនបងប្អូនជនរួមជាតិ នឹងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន មួយកម្រិតធំទៀតជាមិនខាន។
សូមរំលឹកផងដែរថា ថ្មីៗ នេះ សម្តេចតេជោ ហ៊ុន សែន បានជំរាបជនរួមជាតិទូទាំងប្រទេស ជាហូរហែតាមហ្វេសប៊ុកអោយរៀនបើកបរយានយន្តអោយបានត្រឹមត្រូវ រៀន និងយល់ដឹងអោយបានច្បាស់លាស់ពីច្បាប់ចរាចរណ៍ ព្រមទាំងបើកបរដោយគោរពច្បាប់ចរាចរណ៍គ្រប់ពេល។ សម្តេចតេជោ ដាស់តឿនថា ការគោរពច្បាប់ចរាចរណ៍ គឺជាការគោរពស្រឡាញ់អាយុជីវិតខ្លួនយើងផង និងជីវិតអ្នកដទៃផង។ សម្តេចតេជោ បានសំដែងនូវអំណរគុណជាខ្លាំង ជូនក្មួយៗ ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបានចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅទូទាំងប្រទេស៕