នៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៥ តាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសពិសេសពលរដ្ឋទាំងឡាយដែលរស់នៅ និងប្រើប្រាស់ផ្លូវវេងស្រេងនៃរដ្ឋធានីភ្នំពេញ ថា កាលពីក្រោយម៉ោង ១២ យប់ឈានចូលថ្ងៃទី ២៨ ធ្នូនេះ សម្តេចតេជោ បានសំរេចដកយកផ្លូវ វេងស្រេងមកអោយរដ្ឋគ្រប់គ្រងវិញ ដោយការប្រើប្រាស់ផ្លូវនឹងមិនមានការបង់ប្រាក់ទៀតទេ។
សម្តេចតេជោ សរសេរថា “បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវវេងស្រេងជាទីស្រឡាញ់!ខ្ញុំទើបបានដឹងរឿងដែលក្រុមហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទក្នុងតម្លៃ១៣២០០០ រៀលក្នុងរថយន្ត ១ គ្រឿង ចំពោះរថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវេងស្រេង … ទោះតម្លៃមួយណាក៏ដោយបងប្អូនមិនត្រូវបង់ថ្លៃផ្លូវ ឬបង់ថ្លៃធ្វើក្នុងការបញ្ជាក់ជាបន្តបន្ទាប់ សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំសូមជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀត …ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណពលរដ្ឋដែលបានសរសេរផ្តល់ព័ត៌មានពិតមកកាន់ របស់ខ្ញុំអំពីបញ្ហា និងការព្រួយបារម្ភទាំងឡាយដែលបងប្អូនកំពុងជួបប្រទះនៅលើកំណាត់ផ្លូវនេះ”។ ក្រោយពីបានសិក្សាល្អិតល្អន់មួយកម្រិតធំថែមទៀត រាជរដ្ឋាភិបាលបានសម្រេចទិញយកការវិនិយោគទាំងមូលនៃផ្លូវវេងស្រេងមកកាន់កាប់ទាំងស្រុងវិញ ដោយ “សាលាក្រុង និងក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយទាំងស្រុងចាប់ពីពេលចេញដំណឹងនេះ” សម្តេចតេជោបានសរសេរ។ សម្តេចតេជោ ចាត់ទុកថា ការសម្រេចនេះ ជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ ហើយសង្ឃឹមថា ប្រជាពលរដ្ឋចូលរួមអបអរសាទរជាមួយដំណឹងនេះ និងធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ លើផ្លូវវេងស្រេង៕