ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «ការបញ្ជ្រាបទស្សនាទានសីលធម៌សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា» សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថា ទោះបីជាមានក្រុមសាសនាច្រើននៅក្នុងប្រទេស តែសុខដុមភាវូបនីយ៍កម្មសាសនា ត្រូវបានរក្សា។ ក្នុងពេលដែលបានអំពាវនាវឲ្យមានការបន្តសុខដុមភាវូបនីយកម្ម សម្តេចតេជោ សង្កត់ធ្ងន់ថា សាសនាត្រូវតែមានបេសកកម្មរួម ក្នុងការ ជម្រុញ និងអប់រំមនុស្សឲ្យធ្វើតែអំពើល្អ។
ក្នុងព្រឹត្តិការណ៍តែមួយនោះ សម្តេចតេជោបានចេញបញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិ/ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្លាំងសមត្ថកិច្ចទាំងអស់ បង្កើននូវការប្រុងប្រយ័ត្ន សហការគ្នា ទប់ស្កាត់ និងបង្ក្រាបក្រុមជនទុច្ចរិត បន្ទាប់ពីមានការកើតឡើងញឹកញាប់នូវអំពើប្លន់ប្រដាប់អាវុធ ក្នុងមួយសប្តាហ៍ចុងក្រោយនេះ។ សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រីយុត្តិធម៌ឲ្យពិនិត្យ និងពិចារណាឲ្យបានច្បាស់លាស់ មុននឹងដោះលែងអ្នកទោសណាម្នាក់ ដោយសារថាអំពើប្លន់ថ្មីៗនេះ បង្កដោយក្រុមមុខសញ្ញាដែលទើបនឹងត្រូវបានដោះលែង។
ទាក់ទងនឹងករណីពុលសាច់ឆ្កែ និងពុលស្រា, ទោះបីថាជាការទទួលខុសត្រូវរបស់អង្គភាព កាំកុងត្រូល ក្នុងការត្រួតពិនិត្យ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជាការសំខាន់ដែលប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្លួនឯង ក្នុងការទទួលទានអាហារ និងភេសជ្ជៈមួយចំនួន។ សម្តេចបញ្ជាក់ថា “អាហារនៅតាមផ្សារ ជាការត្រួតពិនិត្យដោយ កាំកុងត្រូល តែអាហារតាមលំនៅដ្ឋានមិនអាចត្រួតពិនិត្យបានទេ”៕