ក្នុងឱកាសអញ្ជើញជាអធិបតី នៃការប្រាព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស សម្តេចតេជោ ហ៊ុន សែន បានព្រមានដាក់ទោសធ្ងន់ធ្ងរតាមច្បាប់ ដល់មន្ត្រីទាំងឡាយណា ដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស។ សម្តេចមានប្រសាសន៍ថា “ខ្ញុំសូមព្រមាន មន្ត្រីទាំងឡាយណា ដែលឃុបឃិតជាមួយឧក្រិដ្ឋជន ក្នុងការជួញដូរមនុស្ស ត្រូវតែឈប់ជាបន្ទាន់។ មន្ត្រីរដ្ឋាភិបាលណា ដែលត្រូវបានរកឃើញថាធ្វើ និងសហការជាមួយឧក្រិដ្ឋជនដើម្បីរកផលចំណេញ ទោះជាស្របច្បាប់ ឬមិនស្របច្បាប់ក្តី ពីការជួញដូរមនុស្ស នឹងត្រូវទទួលទោសដោយគ្មានការលើកលែង”។ ក្នុងពេលដែលសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្ត និងការប្រឹងប្រែងដ៏ខ្លាំងក្លារបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចតាមគ្រប់រូបភាព សម្តេចតេជោ នៅបានអំពាវនាវឲ្យវិស័យឯកជន សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដៃគូ អភិវឌ្ឍ ភ្នាក់ងារសហប្រជាជាតិ និងជនរួមជាតិកម្ពុជា បន្តធ្វើការប្រឹងប្រែង និងចូលរួមក្នុងការប្រយុទ្ធ នឹងការជួញដូរអោយបានហ្មត់ចត់ និងមានប្រសិទ្ធិភាព ដើម្បីលុបបំបាត់ការជួញដូរមនុស្ស៕
Share this post