ថ្ងៃ ១០ ធ្នូ ២០១៥ អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយលទ្ធផលសម្រេចនៃការធ្វើជំរឿនកសិកម្ម ឆ្នាំ ២០១៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរាបជាសាធារណថា ប្រទេសបានសម្រេចគោលដៅជម្រុញផលិតកម្មស្រូវ តែមិនទាន់បានសម្រេចគោលដៅនៃការនាំចេញនៅឡើយទេ។ សម្តេចតេជោ មានប្រសាសន៍ថា “យើងបានជោគជ័យក្នុងការជម្រុញផែនការផលិតកម្មស្រូវ ដោយបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស្បៀង ទៅជាប្រទេសដែលមានអតិរេកស្រូវប្រមាណ ៥ លានតោន ឬត្រូវជា ៣ លានតោនអង្ករ។ យ៉ាងណាក្តី គោលដៅនៃការនាំចេញអង្ករអោយបានមួយលានតោននៅឆ្នាំ ២០១៥ មិនអាចសម្រេចបាននៅឡើយទេ ដោយសារតែ(កម្ពុជា)ទើបនឹងនាំចេញបានត្រឹមប្រមាណ ៥០០ ពាន់តោន ឬក៏ ៥០% នៃគោលដៅប៉ុណ្ណោះ”។ ពន្យល់ពីមូលហេតុនៃការមិនទាន់សម្រេចបាននេះ សម្តេចតេជោ លើកហេតុផលថា អ្នកវិនិយោគភាគច្រើនមើលរំលងសក្តានុពលកម្ពុជាក្នុងផ្នែកផលិតកម្មស្រូវ ពីព្រោះប្រទេសធ្លាប់តែនាំចូលស្បៀង ខ្វះការវិនិយោគក្នុងផ្នែកម៉ាស៊ីនកិនស្រូវ ឃ្លាំង និងពិសេសថវិកាដើម្បីទិញស្រូវពីកសិករ ជាដើម។ ប្រការដែលថាមានប្រទេសជាច្រើនទៀតក៏នាំចេញស្រូវដែរ ធ្វើអោយមានការប្រកួតប្រជែងខ្ពស់ ជាហេតុផលមួយទៀត។ យ៉ាងណាក្តី សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែបន្តនូវអ្វីដែលមានក្នុងដៃ លើកកំពស់សមត្ថភាព ព្រមទាំងជួយប្រជាកសិករកាត់បន្ថយចំណាយថ្លៃដើមផលិតកម្ម៕
Share this post