ថ្ងៃ ៨ ធ្នូ ២០១៥ ទទួលជួបគណៈប្រតិភូប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដឹកនាំដោយលោកជំទាវ Claire Van der Vaeran តំណាង UNDP ប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជារយៈពេលកន្លងមក ពិសេសនៅឆ្នាំ ២០១១ និង ២០១២ ដែលជួយអោយកម្ពុជាទទួលបានជោគជ័យក្នុងការសម្រេចគោលដៅសហវត្សរ៍របស់ខ្លួន។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រសកម្មភាពមានគោលដៅដូចគ្នា នៃអង្គការសហប្រជាជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទាំងរាជរដ្ឋាភិបាល និងសហប្រជាជាតិ ត្រូវនាំគ្នាកែប្រែគោលដៅ ឲ្យទៅជាការងារជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព។ សម្ដេចតេជោ បានស្នើឲ្យប្រព័ន្ធអង្គការសហប្រជាជាតិពិនិត្យ និងយកចិត្តទុកដាក់ទៅលើផលប៉ះពាល់នៃការផ្លាស់ប្ដូរអាកាសធាតុ ជាពិសេស ភាពធន់ទ្រាំនឹងកំដៅនៃដំណាំកសិកម្ម។
លោកជំទាវ Claire Van der Vaeren និងគណៈប្រតិភូ បានរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីសកម្មភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាពិសេសក្នុងផ្នែកអភិវឌ្ឍន៍ លើវិស័យសុខភាព អប់រំ យេនឌ័រ អភិបាលកិច្ចល្អ គាំពារសង្គម សិទ្ធិមនុស្ស យុវជន និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ។ ប្រព័ន្ធអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងគាំទ្ររាល់សកម្មភាពនៃរាជរដ្ឋាភិបាលកម្ពុជា ហើយប្តេជ្ញាធ្វើសកម្មភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា៕