ក្នុងទំព័រហ្វេសប៊ុក នាថ្ងៃទី ៧ ធ្នូ ២០១៥ សម្តេចតេជោបានលើកឡើងថា ឆ្នាំនេះ ដំណាំកសិកម្មនានា ពិសេសដំណាំស្រូវ ទាំងស្រូវវស្សា ទាំងស្រូវប្រាំងបាន និងកំពុងប្រឈមនឹងការខ្វះទឹក។ ក្នុងសភាពការណ៍បែបនេះ ជាមួយវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចមកហើយ សម្តេចតេជោ បានដាស់តឿនអោយយកចិត្តទុកដាក់ ក្នុងការអន្តរាគមន៍ជួយបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ដោយមិនត្រូវទុកអោយស្រូវខូចនៅតំបន់ដែលមានប្រភពទឹកនោះឡើយ។ជាមួយនោះ ប្រមុខរាជរដ្ឋាភិបាល បានណែនាំអោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការ ចាត់តាំងកម្លាំងចុះជួយច្រូតកាត់ប្រមូលផលសំរាប់គ្រួសារដែលខ្វះកម្លាំងពលកម្ម ដោយសារតែភាពចាស់ជរា ជាស្ត្រីមេម៉ាយ ជាជនពិការ និងគ្រួសារយុទ្ឋជនជាដើម ព្រមគ្នានឹងស្ថាប័នកសិកម្ម ត្រូវផ្ដល់ពូជដំណាំដល់ប្រជាកសិករ ដែលមិនអាចធ្វើស្រែប្រាំងបាន ដោយជំរុញអោយពួកគាត់ដាំដុះដំណាំរួមផ្សំវិញ។ ខណៈដែលបានដាស់តឿនអោយត្រៀមអន្តរាគមន៍កំចាត់សត្វបំផ្លាញដំណាំ និងទប់សា្កត់ជម្ងឺសត្វគ្រប់ប្រភេទ សម្តេចតេជោ នៅបានផ្តល់មតិអោយស្ថាប័នហិរញ្ញវត្ថុនិងធនាគារ ត្រូវធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ រកវិធីអនុគ្រោះមួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូចជាពន្យារពេលសង ឬពន្យារពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់ ទប់ស្កាត់ការឆ្លៀតឱកាសរឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល។ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ៕
Share this post