ថ្ងៃ ៥ ធ្នូ ២០១៥ សម្តេចតេជោ បានឆ្លៀតយកពេលសម្រាកចុងសប្តាហ៍ ជំរាបប្រជាពលរដ្ឋកម្ពុជា និងអ្នកមើលទំព័រហ្វេសប៊ុកសម្តេចទាំងអស់ថា សម្តេចនឹងវិលទៅរកបញ្ហាទាក់ទង និងក្រុមគ្រួសារជាបន្តទៀត។ក្នុងពេលដែលខួបទី ៤០ នៃថ្ងៃរៀបការម្តង ១៣ គូ ក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត ក្នុងនោះមានគូសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតផង នឹងឈានមកដល់នៅថ្ងៃ ៥ មករា ឆ្នាំ២០១៦ (៥ មករា ១៩៧៦ – ៥ មករា ២០១៦) សម្តេចនឹងសរសេរលំអិតផ្សាយតាម Facebook នូវរឿងរ៉ាវដែលបានកើតឡើងសំរាប់យុវជន/យុវនារីពីររូប ដែលប្រឹងត្រដររស់ សំរាប់ខ្លួនឯងផង និងរួមចំណែកដើម្បីការរស់រានរបស់ប្រជាជនកម្ពុជាផង។សម្តេចតេជោ ចោទជាសំណួរថាតើអ្វីទៅដែលនាំអោយសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត អាចឆ្លងកាត់គ្រោះថ្នាក់ ដែលពុំគួរអោយជឿបាន និងមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ជំរាបថានឹងរៀបរាប់ពីជីវិតយុទ្ធជនម្នាក់ក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ដែលចាំបាច់ត្រូវតែតស៊ូផ្ដួលរំលំ ដោយយកជីវិតធ្វើដើមទុន និងពីជីវិតប្តីប្រពន្ធដែលបន្ទាប់ពីរៀបការហើយ មិនមានអ្វីដែលហៅថាសេចក្តីសុខ។ ការឈឺចាប់ពីការស្លាប់កូនទីមួយ ការដែលត្រូវកូនទីពីរហៅថា “ពូ” ជាច្រើនខែ ត្រូវបានសម្តេចតេជោ រំលឹកថា សុទ្ធតែរឿងរ៉ាវមិនមែនបានកើតតែលើ រូបសម្តេច និងភរិយាប៉ុណ្ណោះទេ តែជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនទូទាំងប្រទេស ហើយ ទឹកភ្នែករាប់លានដំណក់ បាននាំមកនូវការរស់រានមានជីវិតសំរាប់ប្រជាជនទូទាំងប្រទេស ក៏ដូចជាសំរាប់ក្រុមគ្រួសារសម្តេចដែរ៕
Share this post