ក្នុងពិធីបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន រំលឹកពីការជួយជ្រោមជ្រែង ពីអតីតសហភាពសូវៀតលើគ្រប់វិស័យ ក្រោយពេលកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសវិស័យអប់រំដែលមានអតីតមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើននាក់បានទទួលអាហារូបករណ៍ទៅសិក្សានៅទីនោះ។សម្តេចតេជោ សំណូមពរដល់នាយករដ្ឋមន្រ្តី Dmitry Medvedev ជំរុញវិនិយោគិនមកកម្ពុជា សម្រួលអោយផលិតផលកម្ពុជាហូរចូលទៅសហព័ន្ធរុស្ស៊ីកាន់តែច្រើនបន្ថែមទៀត និងសូមបន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា។ លោក Dmitry Medvedev បានឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ពិសេសការនាំយកផលិតផលកសិកម្ម និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Dmitry Medvedev នៅបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារដោះស្រាយបំណុលផងដែរ និងបានធ្វើជាសាក្សី ក្នុងពិធីចុះអនុស្សារណៈ ចំនួន ៦ ដែលគ្របដណ្តប់លើការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម រហូតដល់លក្ខខណ្ឌប្រតិបត្តិរបស់ក្រុមការងារជាន់ខ្ពស់ កម្ពុជា-រុស្ស៊ី ស្តីពីគម្រោងវិនិយោគអាទិភាពរួម៕
Share this post