ញូយ៉ក, រសៀលថ្ងៃទី ២៤ កញ្ញា ២០១៥
“… ខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ បងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដ៏កម្រនៅថ្ងៃនេះ។កម្ពុជាបានឆ្លងកាត់នូវសង្រ្គាម និងរបបប្រល័យពូជសាសន៍ដ៏ល្វីងជូរចត់បំផុត បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតព្រាត់ប្រាសគ្នា ចាកចោលស្រុកកំណើតរបស់ខ្លួន ដើម្បីគេចពីសេចក្តីស្លាប់ និងសង្រ្គាមទៅនៅបរទេស។ … យើងពិតជាមិនចង់បាននូវប្រវត្តិសាស្រ្តច្រំដែលបែបនោះ កើតឡើងសារជាថ្មីនៅលើទឹកដីដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ។ ខ្ញុំបានសិក្សាពីប្រវត្តិនៃសង្រ្គាមដែលបានកើតនៅលើ បណ្តាប្រទេសមួយចំនួនលើពិភពលោក (ឃើញថា) យើងមិនអាចប្រើប្រាស់សង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។ តាមរយៈនេះហើយ ខ្ញុំផ្ទាល់បានចំណាយពេលវេលាដ៏ច្រើនបំផុត ក្នុងការស្វែងរកការចរចារបញ្ចប់សង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរគ្នាឯង បើទោះបីជាដល់ទីកន្លែងណាក៏ដោយ ក្នុងពិភពលោកយើងនេះ។
… សូមបញ្ឈប់ការលាបពណ៌ដាក់គ្នា។ យើងកុំខ្វល់ពីអតីតកាលថាជាអ្វីនោះ។ ផ្ទុយទៅវិញគឺយើងទាំងអស់គ្នាជាជាតិសាសន៍ខ្មែរតែមួយ ហើយកាលដែលយើងមករស់នៅបែកឃ្លាតពីប្រទេសកំណើត គឺកើតឡើងដោយសារតែអ្នកនយោបាយមួយចំនួន ដែលបង្ខំឲ្យយើងទៅនៅទីនេះទៅនៅទីនោះបែបនេះ។ បច្ចុប្បន្ននេះ ស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅទៀតទេ។ កម្ពុជា កំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពី ទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញក។
… ពេលនេះ (ខ្ញុំ)មិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ គឺ ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ អ្វីដែលបងប្អូនបានឮ និងបានឃើញនៅតាមបណ្តាញសារព័ត៌មាន ពីប្រទេសកំណើតរបស់ខ្លួន មិនទាន់គ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញ គឺមានតែបងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតដោយផ្ទាល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពបែបណា។
… ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់អ្នកកាន់អំណាចមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញ ប្រទេសកម្ពុជាគឺជាប្រទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមានរស់នៅ ក្រៅប្រទេសទាំងអស់ផងដែរ។
… វប្បធម៌សន្ទនាដែលបង្កើតឡើងដោយរូបខ្ញុំ និងឯកឧត្តម សម រង្សី ហាក់មិនមានភាពល្អប្រសើរទាល់តែសោះ ដោយសារតែភាគីម្ខាងកេងចំណេញខាងនយោបាយ បំរើផលប្រយោជន៍គណបក្សជាជាងបំរើឲ្យផលប្រយោជន៍ប្រទេសនិងប្រជាជនកម្ពុជា។ វប្បធម៌សន្ទនា មិនមែនទើបតែកើតឡើងនៅពេលនេះនោះទេ។ វាបានកើតឡើងស្ទើរតែពាក់កណ្តាលជីវិតរបស់ខ្ញុំ …។ ឯកឧត្តម សម រង្សី ធ្វើជាដែគូសន្ទនា ប៉ុន្តែមិនមែនជាលើកដំបូងរបស់ខ្ញុំនោះទេ។ ដៃគូសន្ទនារបស់ខ្ញុំ គឺព្រះករុណាព្រះបរមរតនកោដិ ដែលការចរចាចាប់ផ្តើមនៅហ្វែរអង់តាឌឺន័រ ថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ១៩៨៧ ហើយមុនពេលមកដល់នៃដំណាក់កាលនៃការចរចាកំរិតកំពូលនោះ ខ្ញុំបានប្រើប្រាស់ពេលវេលាជាច្រើនណាស់ក្នុងការសន្ទនាគ្នា ដើម្បីបញ្ចប់បញ្ហា។
… ខ្ញុំមិនជឿថា ការប្រើប្រាស់សង្រ្គាមដើម្បីបញ្ចប់សង្រ្គាម មិនអាចទៅរួចទេ។ មានតែការសន្ទនាគ្នា ចរចាគ្នាទេ ទើបអាចបញ្ចប់សង្រ្គាម និងជម្លោះខាងនយោបាយបាន។ ខ្ញុំសូម ថ្លែងនូវអំណរគុណជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះជាសក្ខីភាពស្រាប់។ (Facebook/Samdech Hun Sen, Cambodian Prime Minister)៕