សម្តេចតេជោ បានថ្លែង ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពទៅលើការរីកចំរើនរបស់ខ្លួនជាពិសេស ក្នុងការរក្សាបានសន្តិភាពពេញលេញ, ស្ថេរភាពនយោបាយរឹងមាំ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ។សម្តេចបន្ថែមថា អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះយ៉ាងលឿន ពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកនៅ ត្រឹម ១៦% នៅឆ្នាំ ២០១៣ ដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការកាត់ បន្ថយភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនទៀត មុនពេលកំណត់ ឆ្នាំ ២០១៥។ សម្តេចបានបញ្ជាក់ ថា កម្ពុជានឹងសម្រេចនូវគោលដៅដែលនៅសេសសល់ នាដំណាច់ឆ្នាំ ២០១៥ ខាងមុខនេះ ហើយថា កម្ពុជានឹងប្រែខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៦ ខាងមុខ។ សម្តេចតេជោ គាំទ្រ គោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង ១៧ ដែលត្រូវបានបង្កើតឡើងលើមូលដ្ឋាន នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ពិតជាមានភាពសមស្របសម្រាប់បរិការណ៍កម្ពុជា។ លើសពីនេះ កម្ពុជានឹងដាក់បញ្ចូលការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យទៅជាគោលដៅបន្ថែមមួយទៀត នៅក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព៕
Share this post