ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យមានការគាំទ្រហិរញ្ញវត្ថុមួយរយៈបន្ថែមទៀត ដល់ប្រទេសទន់ខ្សោយ ដែលបានទទួលជោគជ័យក្នុងការឈានឡើងទៅកាន់ដំណាក់កាលអភិវឌ្ឍន៍បន្ត ដើម្បីឲ្យប្រទេសទាំងនោះអាចឈរជើងរឹងមាំ សម្រាប់ប្រកួតប្រជែងជាអន្តរជាតិ។សម្តេចក៏បានស្នើសុំផងដែរ ទៅកាន់ក្រុមប្រទេសអភិវឌ្ឍន៍ ឲ្យបន្តផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ទាំងហិរញ្ញប្បទានឥតសំណង ទាំងឥណទានសម្បទាន ដើម្បីដោះស្រាយតម្រូវការជាមូលដ្ឋាននានា ពិសេស បញ្ហាគម្លាត ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានបង្ហាញជំហរគាំទ្រ ចំពោះកិច្ចព្រមព្រៀង និងរបៀបវារៈសកម្មភាព អាដីស អាបាបា (Addis Ababa) ដែលផ្តោតលើការកៀរគរធនធានក្នុងស្រុក ដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងការអភិវឌ្ឍ៕
Share this post