គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បាននិវត្តមកដល់មាតុភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលសហប្រជាជាតិ សម្រាប់ ការអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហប្រជាជាតិ នៅបុរី ញូយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃ ២៥ ដល់ ២៧ កញ្ញា។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលផ្សេងទៀត បានអញ្ជើញស្វាគមន៍គណៈប្រតិភូនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គួររំលឹកថា ក្នុងពេលស្នាក់នៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន បានចូលរួមក្នុងពិធីបើកជាផ្លូវការ និងថ្លែងសុន្ទរកថាចំពោះ កិច្ចប្រជុំកំពូលសហប្រជាជាតិ សម្រាប់ការអនុម័តរបៀបវារៈអភិវឌ្ឍក្រោយឆ្នាំ ២០១៥។ សម្តេចតេជោ ក៏បានថ្លែងសុន្ទរកថា ទៅកាន់ កិច្ចប្រជុំមេដឹកនាំពិភពលោក ស្តីពី សមភាពជេនឌ័រ និងការផ្តល់អំណាចអោយស្ត្រី៖ ការប្តេជ្ញាអោយមានសកម្មភាព ហើយកាលពីថ្ងៃ ២៤ កញ្ញា បានធ្វើការជួបជុំជាមួយប្រជាជនកម្ពុជាប្រមាណ ២០០ នាក់ មកពីសហរដ្ឋអាមេរិក កាណាដា បារាំង និងអាឡឺម៉ង់ (ដកស្រង់ពី AKP ថ្ងៃ ២៩ កញ្ញា ២០១៥)៕
Share this post