ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អញ្ជើញជួបសំណេះសំណាល ផ្ដល់គ្រឿងឥស្សរិយយស និងប្រាក់រង្វាន់ដល់កីឡាការនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់នារី លើកទី ១៥ នៅព្រះរាជាណាចក្រថៃ និងគ្រូបង្វឹក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេតុផលនៃការពន្យារពេលអបអរជោគជ័យរបស់ លោកស្រី កែ ឡេង គឺដោយសារតែប្រទេសមានការរវល់រៀបចំពិធីបុណ្យជាតិតែប៉ុណ្ណោះ មិនមែនជាការរើសអើង ឬមូលហេតុនយោបាយ ដូចដែលបានលើកឡើងក្នុងហ្វេសប៊ុកនោះទេ។សម្ដេចតេជោ បានលើកឡើងថា មេដាយមាសផ្ទួន ដែលលោកស្រី កែ ឡេង ដណ្តើមបាន ទាំងកាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០១៥ ជាកិត្តិយសសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាល ក្នុងនាមព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទាំង ១៥ លាននាក់ បានបំពាក់គ្រឿងឥស្សរិយយសខ្ពស់បំផុត ជាតូប្បការ ដល់លោកស្រី។
ដើម្បីបន្តលើកទឹកចិត្តកីឡាករ ក៏ដូចជាជម្រុញវិស័យកីឡាឲ្យមានការរីកចំរើនលឿនថែមទៀត សម្ដេចតេជោ បានណែនាំក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិភាក្សាគ្នារកការកំណត់រូបមន្ត សម្រាប់ការដំឡើងឋាន: និងឋានន្តរសក្ដិជូនដល់មន្រ្តីរាជការ កងប្រដាប់អាវុធ ជាកីឡាករ ឬកីឡាការនី ដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតកម្រិតអាស៊ី និងពិភពលោក។
ដោយឡែក សម្រាប់ពិធីបុណ្យអុំទូក នៅពេលខាងមុខនេះ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញចូលមកកំសាន្តពិធីបុណ្យនៅរាជធានីភ្នំពេញ និងអនុញ្ញាតឲ្យមានការអុំទូកទៅតាមការចូលចិត្តនៅតាមខេត្ត តែបានដាស់តឿនពីកំពស់ទាបនៃទឹកក្នុងទន្លេ និងសុខភាពនៃអ្នកអុំ៕