
FN ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ក្រោមគម្រោងហិរញ្ញប្បទានផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ
ហ៊ុន សែន។ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្ទីរពេទ្យហ្លួងម៉ែ» គឺជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដែលបានបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដាអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជាថែមមួយកម្រិតទៀត តាមរយៈ ការផ្តល់សេវាជូនប្រជាជនកាន់តែគ្រប់ជ្រុងជ្រោយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នាជាធ្លុងមួយ ជួសជុល កែលម្អ និងសាងសង់ «មន្ទីរពេទ្យហ្លួងម៉ែ» ចប់សព្វគ្រប់ ប្រកបដោយគុណភាព, សោភ័ណភាព និងស័ក្តិសមជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក។
- ជាមួយនឹងដំណើរមកកាន់ «មន្ទីរពេទ្យហ្លួងម៉ែ» ជាថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញ ពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានរាតត្បាតនៅកម្ពុជា និងលើពិភពលោកនាកំលុងឆ្នាំ២០២០ ២០២១។ ជាពិសេសការរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំដោយផ្ទាល់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញថា កាលពី៥ឆ្នាំមុន នៅជុំវិញមន្ទីរពេទ្យហ្លួងម៉ែ ដីនៅទំនេរច្រើន តែបច្ចុប្បន្នមានអគារលំនៅឋានជាច្រើនលេចចេញជារូបរាង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការរាតត្បាតជំងឺកូវីដ១៩ ជាគ្រោះមហន្តរាយមួយ ដែលថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋកម្ពុជា បានរួមគ្នាប្រយុទ្ធប្រឆាំងរហូតទទួលបានជោគជ័យ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់ដំណាក់កាលទាំងអស់ មិនថាខ្មៅងងឹតយ៉ាងណាទេ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្រឹងប្រែងអស់លទ្ធភាព ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំ និងបំពាក់ឧបករណ៍ព្យាបាលទំនើបៗនៅមន្ទីរពេទ្យហ្លួងម៉ែ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសជំងឺមហារីក ដែលជាប្រភេទជំងឺចំណាយខ្ពស់សម្រាប់ការព្យាបាល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានប្រោសព្រះរាជទានព្រះរាជទ្រព្យជាថវិកាចំនួន ៤លើក ស្មើ៦០ម៉ឺនដុល្លារ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការមន្ទីរពេទ្យហ្លួងម៉ែ រហូតមកដល់ពេលនេះមានរយៈពេលពីរឆ្នាំគត់ ជាមួយការផ្តល់សេវាប្រកបដោយស័ក្តិសិទ្ធភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាការដ្ឋានអាទិភាពទី១ ដោយបន្តលើកកម្ពស់វិស័យសុខាភិបាល និងកែលម្អប្រព័ន្ធសុខភាពសាធារណៈ តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ឱ្យកាន់តែខិតជិតដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ, ការកែលម្អបរិក្ខារឯកទេស ឱ្យកាន់តែទំនើប និង ទាន់សម័យ, ការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និង សីលធម៌វិជ្ជាជីវៈ, និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានសមធម៌ និងចីរភាព, ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាពរបស់ប្រទេសជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយរក្សាកាកសំណល់ឱ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទាំងដែនទឹក និងគោក រាជរដ្ឋាភិបាលគិតគូរជានិច្ច មិនមានមួយវិនាទីណាទុកចោលនោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិនិត្យឡើងវិញ រឿងកាស៊ីណូនៅកម្ពុជា។ ក្នុងនោះមានការកែសម្រួលគម្រោងកាស៊ីណូ ត្រូវមានទុនវិនិយោគចាប់ពី ១០០លានដុល្លារឡើងទៅ មិនមែនផ្ទះល្វែងមួយ ក៏បើកកាស៊ីណូបានដែរនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តសៀមរាប មិនអនុញ្ញាតឱ្យមានការវិនិយោគលើកាស៊ីណូនោះឡើយ។
- នៅថ្ងៃទី២៣-២៤ ខែកញ្ញា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើសស្កេម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការធ្វើម្ចាស់ផ្ទះសន្និសីទនេះ គឺជាកិត្តិយសមួយសម្រាប់កម្ពុជា ប្រែពីប្រទេសរងការវាយប្រហារដូចជាបាវសាក់ ទៅជាកន្លែងជាជជែកលើការបង្ក្រាបស្កេម។




