ក្បែរភ្លឺយប់មិញខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកល័ក្តដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឱ្យឃើញថាបងប្អូនមិនបានជំទាស់នឹងការសម្ដែងដែលមានតួសម្ដែងជាបងប្អូនខ្មែរឥស្លាមនោះទេ។ អ្វីដែលបងប្អូនមិនសប្បាយចិត្តគឺពាក្យពេចន៍ និងឥរិយាបថសម្ដែងខ្លះ ខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឱ្យមានប្រតិកម្ម។
រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។ បងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអាល់ឡោះ ដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេ។ ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្ដែង ឬក្រុមសម្ដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសម្ដែង ជៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍ ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។
សូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត៕

