
មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយ ដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។
បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំ ហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។
សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។ ខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិ ICJ ពេលនោះពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយមិនរួច។
ខ្ញុំសូមជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបងប្អូនបានជ្រាប។ នេះជាសារនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷
ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។
ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមរាប់មុឺននាក់។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។
ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។
ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង។