
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឱ្យដឹងថា ជាកិច្ចចាប់ផ្តើម សម្តេចតេជោ មានសេចក្តីរីករាយ ដែលបានជួប លោកជំទាវឯកអគ្គរដ្ឋទូត សាជាថ្មីម្តងទៀត ដែលលើកនេះ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ដែលជំនួបលើកមុន គឺនៅខែមីនា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្តែងការគួរសមនាពេលនេះ។
លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងថា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងអាណត្តិដែល លោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជាទាំងពេលកន្លងមក និងពេលខាងមុខ។ លោកជំទាវបានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាមួយគ្នានោះលោកជំទាវក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំបន្តវេនាពេលបច្ចុប្បន្ននេះ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលរហូតមកដល់ពេលនេះ គឺរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ លោកជំទាវសង្ឃឹមថា លោកជំទាវនឹងបានឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា ក្នុងអាណត្តិលោកជំទាវ ជាឯកអគ្គរដ្ឋទូតសិង្ហបុរី។
ក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ខាងមុខនេះ កិច្ចព្រមព្រៀងទាក់ទងទៅនឹងឥណទានកាបោន (Carbon Credit) រវាង ប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី នឹងអាចធ្វើឡើងរួចរាល់ ដើម្បីបង្ហាញឱ្យពិភពលោកបានដឹងថា ប្រទេសយើងទាំងពីរបានយកចិត្តទុកដាក់អំពីការប្រែប្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានសំដែងនូវការរីករាយស្វាគមន៍ចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី សាជាថ្មីម្ដងទៀត បន្ទាប់ជំនួបលើកទី១ រវាងសម្ដេច និងលោកជំទាវ នៅឆ្នាំ២០២១ ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្ត្រីនាពេលនោះ។ ជាមួយគ្នានេះដែរ សម្ដេចតេជោបានរំលេចអំពីបញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលបាននិងកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ដែលទាមទារឱ្យប្រទេសយើងទាំងពីរ កម្ពុជា និងសិង្ហបុរី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
សម្ដេចតេជោក៏បានបន្តទៀតថា កន្លងមកយើងច្រើនមើលទៅលើទីផ្សារឆ្ងាយឥឡូវយើងត្រូវសម្លឹងមើលទីផ្សារដែលនៅជិតនៅភូមិផងរបងជាមួយគ្នា ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និង RCEP ពីព្រោះក្នុងក្របខណ្ឌអាស៊ាន យើងមានប្រជាជនរហូតទៅដល់៦០០លាននាក់ និង RCEP មានដល់២០០០លាននាក់ ដែលនេះជាទីផ្សារមួយដ៏ធំមួយ គួរយើងត្រូវយកចិត្តទុកដាក់នូវអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។
សម្ដេចតេជោបានលើកឡើងថា ជំនួបទ្វេភាគី និងផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងសិង្ហបុរីជាបន្តបន្ទាប់រហូតមកដល់ពេលនេះ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងអំពីការជំរុញនិងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជានិងសិង្ហបុរីបន្ថែមទៀត ដែលរហូតមកដល់ពេលនេះ មានខ្ទង់ជាង១ពាន់លានដុល្លារ ហើយសង្ឃឹមថាតាមរយៈឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។
សម្ដេចតេជោក៏បានលើកឡើងពីជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី ដែលពេលនេះគឺមានកំណើនគួរឱ្យកត់សម្គាល់ ហើយសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។
សម្ដេចតេជោ ក៏បានស្វាគមន៍ និងរីករាយ ហើយសង្ឃឹមថា កម្ពុជា និងសិង្ហបុរី នឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀង ស្តីពីឥណទានកាបោនរវាងប្រទេសទាំងពីររួចរាល់ ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយកិច្ចសហប្រតិបត្តិការឥណទានកាបោនរវាងកម្ពុជានិងសឹង្ហបូរី អាចជាគំរូដ៏ល្អប្រពៃសម្រាប់ពិភពលោក។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕