FN ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ទីរពេទ្យសាកលវិទ្យាល័យដែលនឹងត្រូវសាងសង់មានហេដ្ឋារចនាសម្ព័ន្ធសំណង់ និង ការបំពាក់សម្ភារឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើបទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារ សម្រាប់ការផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុខងារទាំងនេះ មិនត្រឹមតែឆ្លើយតបនឹងការកើនឡើងជាបន្តបន្ទាប់ នៃតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ, ប៉ុន្តែថែមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យ សុខាភិបាលតាមវិធីសាស្ត្ររៀន, ការបង្រៀន និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញវិទ្យាសាស្ត្រ និង នវានុវត្តន៍ថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុង ការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបាន ការគ្របដណ្ដប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេវាសុខាភិបាល គឺជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។ មិនថាពលរដ្ឋនៅទីណានោះទេ គឺសុទ្ធតែត្រូវការសេវាសុខាភិបាលដែលល្អប្រសើរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សាស្ត្រចារ្យ, គ្រូពេទ្យ មន្ដ្រី បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ចំពោះកិច្ចខិតខំបំពេញការងារក្នុង វិស័យដ៏មានសារៈសំខាន់នេះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងរួមចំណែកដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ជាពិសេស ការខិតខំប្រឹងប្រែង រួមគ្នានាពេលកន្លងទៅ ក្នុងការបង្ការ និង ទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ទីរពេទ្យនេះប្រើថវិកាជិត៦៧លានដុល្លារអាមេរិក ដែលជាចំនួនថវិកាមួយដ៏ច្រើន។ ទោះថវិកាច្រើនយ៉ាងក៏ត្រូវតែធ្វើ ព្រោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ គឺធំធេងណាស់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូរ៉េខាងត្បូង មានមនោសញ្ចេតនាខ្ពស់ជាមួយកម្ពុជា ព្រោះមានប្រវត្តិឆ្លងកាត់សង្គ្រាមស៊ីវិលដូចគ្នា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រទេសនីមួយៗ។ រាជរដ្ឋាភិបាលកម្ពុជាទាំងនីតិកាលចាស់ និងនីតិកាលថ្មី យកចិត្តទុកដាក់ខ្ពស់លើធនធានមនុស្ស។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សដែលល្អ គឺទាមទារឱ្យមានសុខភាពល្អ។ បើសុខភាពមិនល្អ ទោះបីចេះកម្រិតណា ក៏មិនអាចប្រើប្រាស់សមត្ថភាពចំណេះដឹងបាននោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រហូតមកដល់ពេលបច្ចុប្បន្ន មន្ទីរពេទ្យបង្អែកមានចំនួន ១២៥កន្លែង, មណ្ឌលសុខភាពមានចំនួន ១,២១៦កន្លែង, ប៉ុស្តិ៍សុខភាពមានចំនួន ១៣១កន្លែង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាសុខាភិបាល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើស្មារតីគិតគូរធានាឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលនេះហើយ ទើបរាជរដ្ឋាភិបាលបង្កើតឱ្យមានបណ្ណសមធម៌សុខាភិបាល និងបេឡាជាតិរបបសន្តិសុខសង្គម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបឱ្យដឹងថា សម្តេចបានគិតគូរឱ្យបង្កើតបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជាកញ្ចប់គ្រួសារ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានមុខព្រួញចំនួន៤ ដែលត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាសុខាភិបាល។ មុខព្រួញទាំង៤នោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, បំពាក់ឧបករណ៍ និងបរិក្ខារទំនើប, ថ្នាំសង្កូវ និងមនុស្ស។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញ ពីការកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាល ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ រហូតដល់ការបង្កើតឱ្យមាន «មន្ទីរពេទ្យជាតិតេជោសន្តិភាព»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តលើវិស័យសុខាភិបាល ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ «មន្ទីរពេទ្យជាតិតេជោសន្តិភាព», «មន្ទីរពេទ្យ តេជោសែន កោះធំ», សាងសង់អគារមន្ទីរពេទ្យថ្មីនៅកាល់ម៉ែត, កែប្រែមន្ទីរពេទ្យហ្លងម៉ែ និងការបង្កើតមន្ទីរពេទ្យតំបន់ចំនួនពីរ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ទីរពេទ្យដែលបានសម្ពោធ និងបើកការដ្ឋានទាំងអស់នេះ សុទ្ធសឹងតែបំពាក់ឧបករណ៍ និងបរិក្ខារទំនើបៗ ដែលជួយឱ្យសមត្ថភាពព្យាបាលកាន់តែខ្ពស់ និងកាន់តែមានប្រសិទ្ធភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរគ្រូពេទ្យរបស់កម្ពុជា មានសមត្ថភាពខ្ពស់ក្នុងការព្យាបាល ក៏ដូចជាការប្រើប្រាស់ឧបករណ៍ និងបរិក្ខារទំនើបៗ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងនីតិកាលថ្មីនេះ សម្តេចបានណែនាំដល់ការផ្គត់ផ្គង់ថ្នាំ ជាពិសេសការដេញថ្លៃថ្នាំត្រូវធានាគុណភាព និងមានតម្លៃសមរម្យ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យបង្កើនបរិមាណថ្នាំលើសឈាម និងទឹកនោមផ្អែមជូនអ្នកជំងឺពីកន្លះខែ ទៅមួយខែ ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ត្រូវយកចិត្តទុកដាក់ ទាមទារឱ្យមានការពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរឹតបន្តឹងលើការផ្តល់សេវារបស់គ្រឹះស្ថានសុខាភិបាលឯកជន អនុវត្តន៍ឱ្យបានត្រឹមត្រូវលក្ខខណ្ឌសេវា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ គិតគូរពីការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ត្រូវធ្វើឱ្យមានការបណ្តុះបណ្តាលមានគុណភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល និង វិស័យឯកជនក្នុងវិស័យសុខាភិបាល ត្រូវបន្តធ្វើការកែ ទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ តាមរយៈបន្តអភិវឌ្ឍ និង ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ដោយឈរលើសមត្ថភាពស្នូលជាគោល (Competency-based Curriculum) និងផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ទាំងជំនាញរឹង និងជំនាញទន់, ជាពិសេសការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបម្រើសេវាជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និងជាឯកជន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យនិសិ្សត និង អ្នកប្រកប វិជ្ជាជីវៈសុខាភិបាល ឱ្យអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈស្វ័យសិក្សា និងការសិក្សា ស្រាវជ្រាវ ក៏ដូចជាការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយ សក្ដានុពល និង ផលិតភាព, ព្រមទាំងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ការទាញ យកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ដែលជាការរួមចំណែកដល់ការកសាងម៉ូឌែល កំណើនថ្មីនៅកម្ពុជា ដោយផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងការអនុវត្តយន្តការតាមដាន និងការកែលម្អគុណភាពសេវា នៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការនៃការពេញចិត្ត ចំពោះសេវាសុខាភិបាលរបស់អ្នកជំងឺ ឬ អតិថិជន រៀបចំ និង អនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពអភិបាលកិច្ចគ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាទៅដល់កម្រិតមួយដែលអ្នកជំងឺ និងប្រជាពលរដ្ឋទទួលយកបានដោយពេញចិត្ត។ ទន្ទឹមនេះ, ត្រូវលើកកម្ពស់ភាពឆ្លើយតប និង គណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំសុខភាពមានគុណភាពខ្ពស់ ដើម្បីរក្សាជំនឿទុកចិត្តរបស់ អ្នកជំងឺ និង សាធារណជន, តាមរយៈការអនុវត្តយន្តការ សម្រាប់ទទួលព័ត៌មានត្រឡប់ ឬការត្អូញត្អែររបស់អ្នកជំងឺ នៅមូលដ្ឋានសុខាភិបាល និង ធ្វើការដោះស្រាយទាន់ពេល ត្រឹមត្រូវតាមស្មារតីវិជ្ជាជីវៈ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកបណ្ដុះនូវនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍ សមត្ថភាពជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន ជាពិសេស សូមលើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា ឱ្យបន្តអភិវឌ្ឍ សមត្ថភាព ជាប្រចាំ និង បង្កើនការស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនៅក្នុងការបង្រៀន និង ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង ក្នុងការផ្ទេរ ចំណេះដឹងដល់និស្សិត និង រួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹង ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងពិនិត្យកែសម្រួល ឬ បង្កើតថ្មីនូវលិខិតបទដ្ឋានគតិយុត្តឱ្យស្របតាមបច្ចុប្បន្នភាពនៃសភាពការសង្គម និង ឌីជីថលភាវូបនីយកម្ម។ គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពបុគ្គល ដែលកំពុងអនុវត្តការងារនៅកម្ពុជាទៅតាមជំនាញ វិជ្ជាជីវៈសុខាភិបាលរៀងៗខ្លួន ក៏ដូចជាជំរុញការចុះបញ្ជីកាអ្នកវិជ្ជាជីវៈសុខាភិបាល ការស្នើ និង ការបន្ដអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសម្របសម្រួលលើកទឹកចិត្តឱ្យមានការ បន្តអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាល, ព្រមទាំងត្រូវរៀបចំផែនការ និង ចុះពិនិត្យសម្បទាក្នុងការប្រកប វិជ្ជាជីវៈសុខាភិបាលជាទៀងទាត់ និង ត្រូវតាមដានជាប្រចាំនូវបាតុភាពវិជ្ជាជីវៈ និង ឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជីកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និង មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌វិជ្ជាជីវៈ បទដ្ឋានវិជ្ជាជីវៈ និង និយាមវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាល របស់ខ្លួន និង ចូលរួមអភិវឌ្ឍសមត្ថភាពជាប្រចាំ។ គ្រូពេទ្យ បុគ្គលិកបច្ចេកទេស ទាំងក្នុងផ្នែក សាធារណៈ និង ឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់។ បន្ថែមលើនេះ ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និងគ្រួសារឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល, ផ្តល់ចំណេះដឹង និង បទពិសោធអំពីការ បង្ការបឋម, ការព្យាបាលបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំ អ្នកជំងឺជាដើម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជា- ពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និង សមធម៌, ដោយត្រូវធានាថាគ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង ឬ ត្រូវបានបដិសេធក្នុងការទទួលបានសេវាថែទាំព្យាបាល ដោយសារ តែស្ថានភាពលក្ខណៈរបស់បុគ្គល គ្រួសារ ទំនៀមទម្លាប់ សាសនា ឬនិន្នាការនយោបាយឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវា ថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈ ការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ។