FN ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរក្រសួងអប់រំ សាកលវិទ្យាល័យ និងនិស្សិត ដែលបានប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវមានភាពបុរេសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់សម្តេចអាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពអប់រំ ជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំនៅកម្ពុជា នៅតែមានការប្រឈមមួយចំនួន ដែលនាំឱ្យមានគម្លាតអប់រំ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សាអនឡាញ ជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើការអប់រំដើរយឺត មិនបង្កើតបាននវានុវត្តន៍នោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យសាកលវិទ្យាល័យចែករំលែកផលបច្ចេកវិទ្យា ដើម្បីផ្តល់ឱកាសនៃការបណ្តុះបណ្តាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងរៀន ដើម្បីរស់ដោយខ្លួនឯង។