FN ៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»។
កម្មវិធីជួបជុំទ្រង់ទ្រាយធំ និងមហោឡារិកនេះ រៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការអញ្ជើញចូលរួមពីសិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកជំនួញ សរុបជិត ៣០០០នាក់។
កម្មវិធីជួបជុំនេះ កើតមានឡើងបន្ទាប់ពីសមាគមទើបនឹងបោះឆ្នោតឆ្នោតជ្រើសតាំងអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក»៖
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក»។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបានការគាំទ្រធ្វើជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិទី៦។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានរឹងមាំនៃសុខសន្តិភាព គឺជាកត្តាចម្បងផ្ដល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករគ្រប់ទម្រង់មានតួនាទីគន្លឹះ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់ បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈស្នាដៃ និងទេពកោសល្យរបស់របស់សិល្បករខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅ កាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា, ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និង ការគោរពគ្នាទៅវិញទៅមក។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ សិល្បការនី កាន់តែមានសារ:សំខាន់, សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈ តំណាងវប្បធម៌នៅលើឆាកជាតិ និង អន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឱ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ, ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។
*សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តសមាគមសិល្បករខ្មែរសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំឯកសារ គតិយុត្តនានារបស់សមាគមឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាព។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសិល្បករ សិល្បការិនីពង្រឹងសាមគ្គីភាព។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសមាគមសិល្បករខ្មែរសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញក្រមសីលធម៌ន អ្នកសិល្បៈ ព្រមទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគម និងអ្នកសិល្បៈគ្រប់ៗរូប។
*សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកដល់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត, ការបង្កើតមាតិកា និងការសម្តែងទាំងឡាយ ដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ បំពុលសង្គម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបញ្ចូលសារអប់រំ និងសារលើក ស្ទួយសីលធម៌សង្គម, តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌, មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែល សម្រាប់ជនជំនាន់ក្រោយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់ក្រសួង និងសិល្បករ សិល្បការិនី រួមគ្នាថែរក្សាទម្រង់សិល្បៈបុរាណកុំឱ្យបាត់បង់។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរសិល្បករ សិល្បការិនីខ្មែរ ដែលបានប្រឹងប្រែងផ្សព្វផ្សាយសិល្បៈខ្មែរនៅមហោស្រពភាពយន្តទីក្រុងកាន នៅប្រទេសបារាំង។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានបង្កើតមូលនិធិមួយ ដើម្បីអភិរក្សសិល្បៈដែលរងហានិភ័យ ឬប្រឈមនឹងការបាត់បង់។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការថែរក្សាមរតកដូនតា មានតម្លៃធំធេងណាស់ គ្មានទំហំថវិកាណាមកផ្ទឹមបានឡើយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ផ្តើមចេញពីការមើលភាពយន្តចិនក្បាច់គុនកុងហ្វូ នាំឱ្យសម្តេចចងក្រងបង្កើតក្បាច់គុនកងទ័ព។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យពិចារណារៀបចំការប្រកួតក្បាច់គុនចម្រុះរបស់ខ្មែរ ដើម្បីគាស់រំលើងក្បាច់គុនខ្មែរ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញអ្នកសិល្បៈចេះកែច្នៃទម្រង់សិល្បៈរបស់ខ្មែរឱ្យទាន់សម័យ និងរស់រវើក មិនត្រូវចាំតែចម្លងពីគេនោះទេ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការហ្វឹកហ្វឺនសិល្បៈមិនមែនធ្វើតែនៅសាលាវិចិត្រសិល្បៈ គឺអាចធ្វើនៅគ្រប់កន្លែង។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមាគមសិល្បករខ្មែរ ជាដៃគូមួយរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាមរតកវប្បធម៌ សិល្បៈរបស់ខ្មែរ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋខ្មែររួមគ្នាថែរក្សាការពារវប្បធម៌ សិល្បៈខ្មែរ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយស្តីពីសិល្បៈវប្បធម៌ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តដាក់ចេញសកម្មភាពជាក់ស្ដែង បង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដាន វាយតម្លៃ និងកែតម្រូវសកម្មភាពអាទិភាព។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តដាក់ចេញសកម្មភាពជាក់ស្ដែង បង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដាន វាយតម្លៃ និងកែតម្រូវសកម្មភាពអាទិភាព។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់សមាគមសិល្បករខ្មែរ ត្រូវខិតខំបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួបរួមជាធ្លុងមួយរបស់ អ្នកសិល្បៈ ទាំងក្នុងអាជីពផ្ទាល់ផង ទាំងដើម្បីសង្គមផង និងសិល្បៈ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសិល្បករខ្មែរ និងភាពជាអ្នកដឹកនាំដ៏ល្អរបស់អ្នកឧកញ៉ ម៉ៅ ចំណាន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន នឹងដឹកនាំសមាគមនេះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម និងទទួលបានជោគជ័យត្រចេះត្រចង់។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភសមាគមសិល្បករខ្មែរមួយឆ្នាំ១០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិទ្រទ្រង់មរកតសិល្បៈដែលប្រឈមការបាត់បង់។