រសៀលថ្ងៃទី ១០ ខែមករា ២០២៤ (ម៉ោង១៣ និង៣០នាទី ម៉ោងនៅប្រទេសជប៉ុន) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។
សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះ មហន្តរាយរញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និងឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅ ព្រលាន យន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។
ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ដែលជាស្ថាបនិក សន្តិភាព និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុននាពេលកន្លងមកនិងតទៅអនាគត។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការបន្តទំនាក់ទំនងល្អជាមួយ រាជរដ្ឋាភិបាលថ្មីដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តសហការជិតស្និទ្ធជាមួយ ស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា ពោលគឺ ទាំងរដ្ឋសភាជាតិ និងព្រឹទ្ធសភា ។
ភាគីមិត្តក៏បានរំលឹកអំពីតួនាទីដ៏សំខាន់របស់ សម្តេចតេជោ ក្នុងកិច្ចការបោសសំអាតមីននៅកម្ពុជា និងបានគាំទ្រដល់ការចូលរួមរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ ដែលជាការបន្តនូវការខិតខំរួមចំណែកដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ខេអ៊ីហ្សូ អូប៊ូឈី (Keizo Obuchi) តាំងពីឆ្នាំ ២០០០ ម៉្លេះ។
ក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែកដ៏សំខាន់របស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជា ការសហការគ្នាជិតស្និទ្ធរវាងប្រទេសយើងទាំងពីរលើឆាកអន្តរជាតិ។ ជាងនេះទៀត សម្តេចតេជោ បានលើកទឹកចិត្តនិងស្នើឱ្យភាគីជប៉ុនបន្តជួយ កម្ពុជាក្នុងវិស័យដោះមីនតទៅទៀត ជាពិសេសចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនឆ្នាំ ២០២៥” ឱ្យបានជោគជ័យ៕