FN ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបជុំអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា៖
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពតបញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់ រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់ នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើក ប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១មក ហើយបាននិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចមិនអាច បំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៨។ រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបាន បំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជនកម្ពុជាអស់ជិត១លាននាក់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ សម្តេចបានចេញដំណើរភៀសខ្លួនទៅប្រទេស វៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ និងបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ១៩៧៨, នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ព និង ប្រជាជនទូទាំងភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបបប៉ុលពត ក្រោមការដឹកនាំរបស់សម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម ព្រមទាំងកម្លាំងតស៊ូប្រឆាំង ប៉ុលពត ៣ភាគីទៀត។ ការរួបរួមនៃកម្លាំងទាំង៥ភាគីនេះ បានផ្ដល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការ ចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស និងទទួលបានការជួយឧបត្ថម្ភយ៉ាងធំធេង ទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា «ថ្ងៃកំណើតទី២របស់ខ្លួន»។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្តេចបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។ ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និង ដោយគ្មានការបង្ហូរឈាមនេះ បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសសង្គម-សេដ្ឋកិច្ច កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា បន្ទាប់ពីការចរចាសន្តិភាពអស់រយៈពេលច្រើនឆ្នាំ និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា រយៈពេល៤៥ឆ្នាំកន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុលពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេសក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ១៩វិញ, លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទិ្ធមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេសការប្រព្រឹត្តទៅដោយជោគជ័យនូវការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និង ភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនេះ បានផ្តល់លទ្ធភាពពេញ លេញឱ្យគណបក្សប្រជាជនកម្ពុជាប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេងដ៏មានសក្ដានុពល ដែលគណបក្សបានអប់រំបណ្ដុះបណ្ដាល និងត្រៀមលក្ខណៈយ៉ាងម៉តចត់បំផុត ក្រោមការសាទរ និងគាំទ្រយ៉ាងកក់ក្ដៅពីប្រជាជន។
- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើង ពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះយើងត្រូវសាមគ្គីគ្នា រួមចិត្ដតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយ លំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក ថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណា- ចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រយៈពេល៥ឆ្នាំខាងមុខនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។
ក្នុងន័យនេះសម្រាប់ឆ្នាំ ២០២៤នេះ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗដូចខាងក្រោម៖
១៖ ការប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ព្រម ទាំងការធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន
២៖ ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យជនណាមកបំពារបំពានបានឡើយ
៣៖ ការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា- ភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន
៤៖ ការបន្តរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាចីរភាពនៃកំណើនប្រកបដោយបរិយាបន្ន តាមរយៈ ការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប និងការរក្សាស្ថិរភាពអាត្រាប្តូរប្រាក់ ព្រមទាំងជំរុញការកែ ទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងមុតស្រួច
ហ៊ត សេងហោ, [1/7/2024 9:33 AM]
៥៖ ការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារ ប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ
៦៖ ការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាម ស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា តាមរយៈការអនុវត្តកិច្ច ព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាជាមួយគណបក្សចំនួន ២៧ ផ្សេងទៀត កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជា ការជំរុញអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព
៧៖ ការគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌
៨៖ ការបន្តជំរុញអនុវត្តនូវនយោបាយការបរទេសដោយឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ យកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាមួយប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងការ បន្តចូលរួមសកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងបញ្ហាប្រឈមនានានៃពិភពលោក។