FN ៖ នៅថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោង ចក្រ សហគ្រាស ចំនួន ១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី ភ្នំពេញ។ ជំនួប សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែង ស្ថិតនៅតំបន់ព្រៃស្ពឺ ខណ្ឌ ពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅថ្ងៃនេះចំថ្ងៃខួប៧២ឆ្នាំនៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាយុសម្តេច តិចជាថ្ងៃកំណើតបក្សតែមួយឆ្នាំប៉ុណ្ណោះ។ ដូច្នេះរឿងរ៉ាវប្រវត្តិសាស្ត្រខ្លះ សម្តេចក៏មិនបានដឹងនោះដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចអំពាវនាវ ការជេរហែកហួររវាងអ្នកបែកបាក់គ្រួសារលែងសូវកើតមាន។ នៅតែវិទ្យុរបស់អាចារ្យអេ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងកត់សម្គាល់ថា កូនខ្លះមិនត្រឹមតែមិនចិញ្ចឹមឪពុកម្តាយនោះទេ ថែមទាំងប្តឹងទាមទារទ្រព្យឪពុកម្តាយទៀត។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណកម្មករ កម្មការិនី ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩។ ជាពិសេសទទួលយកការចាក់វ៉ាក់សាំង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបជាមួយកម្មករ និយោជិត មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនជាការជិះសេះមើលផ្កានោះដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាធ្វើបាតុកម្មប៉ោង៣ភ្លឺនោះទេ។ សំឡេង ហូរ វ៉ាន់ នៅមាននៅឡើយទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនលើកលែងឱ្យលោក កឹម សុខា ព្រោះសម្តេចមិនទុកចិត្តបរទេស ដែលប្រើនយោបាយចាប់ដៃជាន់ជើង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានជនបរទេសណា អាចមកជួយលោកស្រី សេង ធារី ហៅ អប្សរាក្បាលត្រងោលបាននោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពិភពលោកកាត់បន្ថយការផលិតសព្វាវុធត្រឹម៥០ភាគរយ មកផលិតបរិក្ខារពេទ្យ និងសម្ភារៈបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ គឺល្អណាស់សម្រាប់មនុស្សជាតិលើពិភពលោក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមែនជាគោលដៅនៃសង្គ្រាមអាវុធនុយក្លេអ៊ែរនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅមេទ័ពខ្មែរឱ្យដំឡើងកាំភ្លើងធំ ត្រៀមបាញ់កម្ទេចដ្រូន។ សម្តេចតេជោ បានថ្លែងថា នៅថ្ងៃនេះបើមិនមានផ្ទុះអាវុធទៀត នឹងមានរឿងជាមួយសម្តេច។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេទ័ពខ្មែរស្លូតពេកហើយ គេហោះចូលដីខ្មែរអត់មានផ្ទុះមួយគ្រាប់។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបាញ់សំណាញ់មេឃ១លាន ទៅ២លានគ្រាប់ កម្ទេចដ្រូនហោះលើដីកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន។
- សម្តេចតេជោ ហ៊ុន សែន សន្និដ្ឋានថា បច្ចាមិត្តដែលបង្ហោះដ្រូនចូលដីកម្ពុជា គឺជាក្រុមជនជាតិដេហ្កា ដែលជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី បានចុះហត្ថលេខាជាមួយ។
- សម្តេចតេជោ ហ៊ុន សែន ដាក់ការសង្ស័យថា ក្រុមឧទ្ទាមដែលធ្វើភេរវកម្មនៅវៀតណាម ជាក្រុមជនជាតិដេហ្កា ដែលហ្វឹកហាត់នៅប្រទេសមួយក្នុងតំបន់ ហើយប្រើដីកម្ពុជាឆ្លងកាត់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងសន្តិសុខជាតិមិនមែនជារឿងសាមញ្ញនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបណ្តាប្រទេសនានា ពិនិត្យមើលលើដ្រូនបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានអធិបតេយ្យកម្ពុជា។ សម្តេចតេជោ អះអាងថា ដ្រូននេះ មិនមែនជារបស់វៀតណាមនោះទេ។