FN ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី កម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែល ជា រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១៖
- សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីទៀត ជាប្រយោជន៍សម្រាប់អ្នករាជធានីភ្នំពេញ។
- ដោយការសម្ពោធរោងចក្រទឹកស្អាតនៅបាក់ខែង ចំពោះខួបចម្រើនព្រះជន្មរបស់ព្រះវររាជមាតាជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនេះ ក៏ជាសមិទ្ធផលដែលផ្សារភ្ជាប់នឹងព្រះរាជសកម្មភាពរបស់ហ្លួងម៉ែផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺចំពេលនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ តែមកដល់ពេលនេះ បញ្ហារបស់មីយ៉ាន់ម៉ា មិនទាន់បញ្ចប់នៅឡើយទេ។
- ផ្តើមចេញពីបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពខុសគ្នា រវាងប្រទេសមានសង្គ្រាម និងប្រទេសមានសុខសន្តិភាព។ សម្តេចតេជោ បានលើកឡើងថា ប្រទេសមានសន្តិភាពមានតែការអភិវឌ្ឍន៍ ហើយប្រទេសមានសង្គ្រាមមានតែការបំផ្លិចបំផ្លាញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ការអភិវឌ្ឍន៍រាជធានីភ្នំពេញ បើមិនឱ្យសម្តេចពឹងជប៉ុន បារាំង និងសហគមន៍អឺរ៉ុប តើឱ្យសម្តេចទៅពឹងនរណា?
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅបារាំង និងទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង ឱ្យបន្តជួយអភិវឌ្ឍន៍ភាពផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ហើយកុំបារម្ភរឿងកម្ពុជាអត់មានលុយសងត្រឡប់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនអាចផ្លាស់ប្តូរអតីតកាលបាននោះឡើយ តែអតីតកាលជាម៉ែត្រវ៉ាស់បច្ចុប្បន្នកាល និងជាពិសោធន៍សម្រាប់បច្ចុប្បន្ន និងតម្រង់ទិសទៅអនាគត។
- សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខូចកូនក្នុងផ្ទៃអស់មួយ ដោយសារតែការលើកទឹកពីដី ទៅប្រើប្រាស់លើផ្ទះ។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៥ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រី សម្តេចមិនដែលស្គាល់ការងូតទឹកផ្កាឈូកបែបណានោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការប្រើប្រាស់ទឹក និងអគ្គិសនី មិនចេះគ្រប់គ្រាន់នោះឡើយ ព្រោះមនុស្សកើត និងធំធាត់ជារៀងរាល់ថ្ងៃ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ពេលសម្តេចអញ្ជើញជួបប្រធានាធិបតីបារាំង សម្តេចតែងតែស្នើឱ្យបារាំងជួយអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់ទឹកស្អាត។
- សម្តេចតេជោ ហ៊ុន សែន ស្នើបារាំង និងសហភាពអឺរ៉ុប បន្តផ្តល់ជំនួយសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣បន្តទៀត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទះសម្តេច ក៏ត្រូវបង់ថ្លៃទឹក និងភ្លើងដូចគ្នា បើមិនបង់គេនឹងទាមទារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃទឹកត្រូវបានគិតទៅតាមចំនួនទឹកដែលប្រើប្រាស់។ នេះជាគោលនយោបាយជួយអ្នកមានជីវភាពខ្វះខាត បើគាត់ប្រើតិច គឺតម្លៃទឹកគិតធូថ្លៃផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើបន្តរួមគ្នាអភិវឌ្ឍន៍ គឺកម្ពុជានឹងមានសមិទ្ធផលជាបន្តបន្ទាប់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព ដែលបានផ្សារភ្ជាប់ជីវិតជាមួយដំណើរការវិវឌ្ឍន៍ឥតដាច់របស់រាជធានីភ្នំពេញ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោត សម្តេចនឹងបន្តជួបជាមួយកម្មករ កម្មការិនីជាបន្តទៀត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមិនមានប្រទេសណាតិះទៀនកម្ពុជារឿងរៀបចំប្រកួតស៊ីហ្គេមនោះឡើយ។ នេះជាមោទនភាពសម្រាប់កម្ពុជា។