FN ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះអគារព្យាបាល កម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅ ក្នុងមន្ទីរពេទ្យកាលម៉ែតនិយាយដោយឡែក និងនិយាយជារួមសម្រាប់កម្ពុជាទាំងមូលនោះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ។
ពិធីសម្ពោធសមិទ្ធផលថ្មីក្នុង វិស័យសុខាភិបាលនៅកម្ពុជានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្តរកថាសំណេះសំណាលប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗសម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងយោគយល់ចំពោះការ បិទមហាវិថីព្រះមុនីវង្ស រៀបចំពិធីសម្ពោធអគារព្យាបាលតេជោអភិវឌ្ឍន៍ នៅមន្ទីរពេទ្យកាល់ម៉ែត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមជាមួយ សម្តេចផ្តល់ថវិកាសាងសង់អគារព្យាបាលនេះឡើង។
- សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានយល់ព្រមទម្លាក់ថវិកា ៣០លានដុល្លារ ដើម្បីសាងសង់អគារព្យាបាលនេះ។
- សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានសប្បុរសជនពីរនាក់ ប្រកាសចូលលុយជួយសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែអត់ទាន់ឱ្យលុយ។ សម្បុរសជនម្នាក់ប្រកាសបរិច្ចាគ២លានដុល្លារ និងម្នាក់ទៀត ប្រកាសបរិច្ចាគ ២០ម៉ឺនដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាបានពីសប្បុរសជនសម្រាប់សាងសង់អគារព្យាបាលនៅពេទ្យកាល់ម៉ែត មានចំនួនសរុប ២២៣នាក់ ស្មើនឹង ៧២លានដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាទទួលបានសម្រាប់កសាងអគារព្យាបាល និងបំពាក់បរិក្ខា នៅពេទ្យកាល់ម៉ែតសរុប ១០២លាន ៨សែនដុល្លារ និង២៨១លានរៀល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាល និងការអប់រំ នៅតែជាវិស័យអាទិភាពសម្រាប់កម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះមានមន្ទីរពេទ្យល្អហើយ តែទាមទារឱ្យមានគ្រូពេទ្យល្អ ដើម្បីធ្វើឱ្យការផ្តល់សេវាកាន់តែល្អប្រសើរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រមសីលធម៌ជាគ្រូពេទ្យសំខាន់ណាស់ ដើម្បីឱ្យអ្នកជំងឺទទួលបានសេវាព្យាបាលកាន់តែល្អប្រសើរ។
- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រូពេទ្យយកចិត្តទុកដាក់គោរព ក្រម សីលធម៌ ដោយយកការបម្រើប្រជាពលរដ្ឋជាស្នូលក្នុងការធ្វើសកម្មភាពជាគ្រូពេទ្យ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ។ សម្តេចតេជោសង្ឃឹមថា គ្រូពេទ្យ និងនិស្សិតធ្វើកម្មសិក្សា ដាក់ចិត្តដាក់ក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តាពីរដែលទាមទារគ្រូពេទ្យត្រូវធ្វើឱ្យបាននោះ គឺការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាព។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរការវិភាគរោគនៅមន្ទីរពេទ្យកាល់ម៉ែត មានភាពត្រឹមត្រូវដូចមន្ទីរពេទ្យនៅសិង្ហបុរី។
- សម្តេចតេជោ ហ៊ុន សែន បន្តលើកឡើងជាថ្មីថា ទណ្ឌកម្មកើតចេញពីសង្គ្រាម នៅ អ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទណ្ឌកម្មលើកូរ៉េខាងជើង បានតម្រូវឱ្យអាជីវកម្ម និងប្រជាពលរដ្ឋកូរ៉េខាងជើង ចាកចេញពីកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់មិត្តបរទេសអញ្ជើញចូលរួមកម្មវិធីព្រឹកនេះ ឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ពួកបរទេសថា នាយករដ្ឋមន្ត្រី ប្រធានាធិបតីរបស់ពួកអ្នកពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង។ តែកម្ពុជាមិនមែនដូច្នោះទេ ពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់មិត្តបរទេសថា សម្តេចមិនដោះលែង «កឹម សុខា» ព្រោះសម្តេចមិនទុកចិត្តមិត្តបរទេស។
- សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅមិត្តបរទេសថា កុំចាប់ដៃជាន់ជើងក្នុងរឿងនយោបាយកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់មិត្តបរទេសមើលកម្ពុជា ឱ្យលើសពីកម្ពុជា។ ក្នុងនោះកម្ពុជា ជាសមាជិកអាស៊ានមួយផងដែរ។ ដូច្នេះអ្វីដែលកម្ពុជាមិនឯកភាព គឺមិនអាចអនុវត្តន៍បាននោះទេ។
- សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅមិត្តបរទេសថា កម្ពុជា ជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាព ហេតុអ្វីក៏បរទេសមកលូកលាន់កិច្ចការរបស់កម្ពុជា?