FN ៖ នៅល្ងាចថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់គណៈប្រតិភូកីឡាកម្ពុជា ហើយតែងតែជួបសំណេះសំណាល និងផ្តល់អនុសាសន៍ផ្សេងៗមុននឹងពួកគេចេញប្រកួតស៊ីហ្គេម។ ដូចនឹងបណ្តាការប្រកួតនាពេលកន្លងទៅដែរ នៅឆ្នាំ២០២៣នេះ ទោះបីការប្រកួតត្រូវបានរៀបចំឡើងនៅកម្ពុជាយ៉ាងណាក្តី ក៏សម្តេចតេជោ ឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ ដើម្បីបានផ្តល់ដំបូន្មាន និងអនុសាសន៍ ក៏ដូចជាផ្តល់ការលើកកម្លាំងចិត្តដល់កីឡាករ កីឡាការិនី អត្តពលិក ក៏ដូចជាគណៈប្រតិភូកីឡាទាំងមូល។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង, ខាងក្រោមខ្លឹមសារសំខាន់ៗ៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិមានសន្តិភាព គឺជាកន្លែងសាងសង់ឡើង ដើម្បីជំនួបកម្រិតខ្ពស់ តែថ្ងៃនេះបានទទួលគណៈប្រតិភូជូនដំណើរទៅកាន់ទីលានប្រកួតស៊ីហ្គេម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិមានសន្តិភាពនេះ មិនមែនសាងសង់ឡើង ដើម្បីតែសម្តេចធ្វើការនោះទេ តែនឹងសម្រាប់រាជរដ្ឋាភិបាលគ្រប់ជំនាន់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានយាងប្រទានព្រះអគ្គិជ័យកីឡា នៅខេត្តសៀមរាបនាពេលកន្លងទៅ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ដង្ហែព្រះអគ្គីជ័យកីឡា ប្រៀបដូចជាពិធីបុណ្យរបស់ជាតិ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិប្រកួតស៊ីហ្គេម ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានខិតខំរៀបចំការប្រកួតបានគ្រប់ជ្រុងជ្រោយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទលេខទូរស័ព្ទមួយចំនួន ដែលរុញព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយទៅសម្តេច ពាក់ព័ន្ធការផ្តល់សំបុត្រសម្រាប់អ្នកទស្សនាបាល់ទាត់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម មិនមែនដើម្បីលុយនោះទេ។ គោលដៅរបស់កម្ពុជា ទៅវែងឆ្ងាយលើសពីលុយ។
- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពីមុនគេស្គាល់កម្ពុជា ទាល់តែនិយាយពីរបបកាប់ស្លាប់ ប៉ុល ពត។ តែពេលនេះ គេស្គាល់កម្ពុជាតាមរយៈផលិតផល ហើយត្រូវចាប់ឱកាសប្រកួតស៊ីហ្គេម ឱ្យគេស្គាល់កម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បង្ហាញការរីករាយ និងពេញចិត្តចំពោះកីឡាករ កីឡាការិនីតំណាងជាតិរបស់ខ្មែរ ដែលកើតនៅបរទេស តែបានចូលរួមប្រកួតតំណាងឱ្យជាតិ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសកម្មភាពនេះ បង្ហាញឱ្យឃើញពីការចូលរួមលើកកម្ពស់កិត្តិនាមរបស់ជាតិ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ទៅលើម្ហូបហាឡាល់ សម្រាប់កីឡាករ កីឡាការិនីមកពីប្រទេសកាន់សាសនាមូស្លីម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជ្រុលតែចំណាយហើយ ត្រូវគិតគូរឱ្យបានច្បាស់លាស់ ទោះត្រូវចំណាយបន្ថែមក៏ចំណាយដែរ។
- សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅព័ត៌មាននៅម៉ាឡេស៊ីថា កុំបារម្ភរឿងស្ទះចរាចរណ៍សម្រាប់ប្រតិភូកីឡា។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសារព័ត៌មានបំភ្លឺលើការផ្សាយរបស់ខ្លួន។
- សម្តេចតេជោ ហ៊ុន សែន បានស្នើទៅអ្នកដែលទទួលសំបុត្រហើយ កុំបោះបង់ចោលការចូលរួមទស្សនា។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបន្តរក្សាសណ្តាប់ធ្នាប់ មិនត្រូវផ្លោះរបងចូលទស្សនាការប្រកួតនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសំបុត្រ សូមទៅទស្សនាតាមស្លាយដែលដាក់តាមទីតាំងសាធារណៈនានា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនបារម្ភលើបច្ចេកទេសប្រកួតនោះទេ តែអ្វីដែលកីឡាករ កីឡាការិនី ត្រូវគោរពឱ្យបាននោះ គឺក្រមសីលធម៌នៃការប្រកួត។
- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ស្ថានីយទូរទស្សន៍នានា រួមគ្នាផ្សព្វផ្សាយឱ្យបានផុលផុសព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតមិនគោរពតាមក្រិតក្រមវិន័យ និងក្រមសីលធម៌ គឺធ្វើឱ្យយើងចាញ់ផ្ទួន។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យដល់កីឡាករ កីឡាការិនី ចៀសវាងការប្រើប្រាស់សារធាតុញៀន។
- សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើកីឡាករ កីឡាការិនី ពេលប្រកួតត្រូវតែតបត មិនមែនចាំបាច់តែរងនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកកីឡាករ កីឡាការិនីថា ទោះចាញ់ ឬឈ្នះ ត្រូវតែកសាងមិត្តជាមួយដៃគូរបស់ខ្លួន។ សម្តេចតេជោរំពឹងថា កីឡាករ កីឡាការិនី កសាងមិត្តភាពឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោក ម៉ៃ សុគន្ធ ចេញសារសូមទោសលោក ហុងដា។ សម្តេចតេជោ ហ៊ុន សែន ណែនាំកុំឱ្យមានការប្រតិកម្មចំពោះកីឡាករ ប៊ូខាវ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដែលបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃប្រមាណ ១៥០លានដុល្លារអាមេរិក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាសំណាងល្អ ដែលកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ ដោយជោគជ័យ ធ្វើឱ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតស៊ីហ្គេម។
- សម្តេចតេជោ ហ៊ុន សែន មានក្តីរំពឹងថា ប្រទេសដែលរៀបចំស៊ីហ្គេមក្រោយៗ អាចអនុគ្រោះមិនយកលុយពីប្រតិភូកីឡារបស់កម្ពុជាវិញ។ តែសម្តេចមិនទាមទារនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន សម្តេចនឹងផ្តល់ជំនួយប្រទេសនានាឱ្យបានច្រើន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមិនរៀបចំបុណ្យអ៊ុំទូកគេថារាជរដ្ឋាភិបាលអត់លុយ ពេលកម្ពុជាមិនយកលុយពីគណៈប្រតិភូកីឡាគេក៏រិះគន់ទៀត។
- សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភគណៈប្រតិភូកីឡាស៊ីហ្គេមម្នាក់ៗ ៥០០ដុល្លារ។