FN ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
នៅក្នុងឱកាសចែកសញ្ញាបត្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
- សម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្នកគ្រូដែលបានប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពបង្រៀនរហូតពីកម្រិតបឋម កម្រិតអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំនាយកវិទ្យាស្ថានជាតិអប់រំ ពិនិត្យរៀបចំកន្លែងអង្គុយសម្រាប់ជ័យលាភីនៅក្រៅសាលឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ពីអតីតកាលការកសាងគ្រូបង្រៀនលំបាកណាស់។ ក្នុងនោះសម្តេចតែងតែធ្វើបទឧទ្ទេសនាមនានា ដើម្បីរៀបចំគ្រូបង្រៀនមុនចេញទៅបង្រៀនសិស្ស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីជម្នះនូវការលំបាកទាំងឡាយកាលពីអតីតកាល ពេលនេះស្ថានភាពគ្រូបង្រៀន និងការបណ្តុះបណ្តាលគ្រូមានភាពល្អប្រសើរច្រើនហើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពដ៏ប្រសើរនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាល ឬក្រសួងអប់រំនោះទេ តែជារួមគ្នាដើម្បីការរីកចម្រើននៃប្រព័ន្ធអប់រំនៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មីសូមប្រទេសតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យកុំសាងកំហុសទី៣។ កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជា រួចមកហើយនោះ ទី១៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ, ទី២៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រទេសសាងកំហុសលើកម្ពុជា មិនដែលសម្តែងការសោកស្តាយ ឬសូមទោសចំពោះកំហុសរបស់ពួកគេនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមិនងាយបំភ្លេចនូវកំហុស ដែលប្រទេសប្រជាធិបតេយ្យបានធ្វើមកលើកម្ពុជានោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលនៃការអប់រំនៅកម្ពុជានាពេលនេះ គឺជាលទ្ធផលប្រកបដោយអត្ថន័យ ព្រោះជាលទ្ធផលបានមកដោយការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដាំដើមឈើត្រឹម៥ឆ្នាំ អាចទទួលផល តែដាំដើមមនុស្សប្រើពេល ១៦ឆ្នាំ ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ, ១៨ឆ្នាំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង២០ឆ្នាំ ថ្នាក់បណ្ឌិត។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការដាំដើមមនុស្សត្រូវតែហ៊ានវិនិយោគ បើមិនហ៊ានវិនិយោគ គឺមិនអាចទទួលបានប្រយោជន៍សម្រាប់សង្គមនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោងតាមសំណូមពរឪពុកក្មេករបស់លោក យឹម ស៊ីណន សម្តេចបានផ្តល់អគារសិក្សាថ្មី ទីចាត់ការ និងផ្ទះគ្រូស្នាក់នៅ សម្រាប់វិទ្យាល័យហ៊ុន សែន ជ្រៃហូព្នៅ ស្ថិតឃុំវាល ស្រុកគងពិសី ខេត្តកំពុងស្ពឺ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំនួនប្រជាជនកើនឡើង សាលាត្រូវតែបង្កើន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលបច្ចុប្បន្នសាលារត់រកសិស្ស មិនមែនសិស្សរត់រកសាលាដូចពេលមុននោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការរំពឹងថា នឹងមានការរួមគ្នាលើការងារអប់រំ ដើម្បីកម្ពុជាឆ្ពោះទៅរកអនាគតមួយកាន់តែរុងរឿង។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកជួយកសាងសាលា ជួយកសាងផ្ទះគ្រូនៅតាមសាលាដែលជួយសង់អគារសិក្សា។
- សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលសម្តេចចាកចេញពីនាយករដ្ឋមន្រ្តី។
- សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមេឃុំនៅតាមឃុំនានា ជួយរៀបចំជាផ្ទះសម្បែងសម្រាប់គ្រូស្នាក់នៅ។
- សម្តេចតេជោ ហ៊ុន សែន រំលឹកមន្ត្រីចុះទៅមូលដ្ឋាន ពេលចុះទៅមូលដ្ឋានមិនត្រូវឱ្យមន្ត្រីនៅមូលដ្ឋាននិយាយដើម ឬរអ៊ូរទាំនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជីវិតនយោបាយសម្តេចបានបំបែកឯកទគ្គកម្មចំនួន៣ រួមមាន៖ រដ្ឋមន្ត្រីការបរទេសក្មេងជាងគេ, នាយករដ្ឋមន្ត្រីក្មេងជាងគេ និង នាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេលើពិភពលោក។
- សម្តេចតេជោ ហ៊ុន សែន ហៅលោក សម រង្ស៉ី ថាជាក្មេងស្រួលប្រើ។ ជាពិសេសជួយកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០បូក១ ដែលជាការជួយពង្រឹងអំណាចរបស់បក្សប្រជាជនកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់បានសត្រូវដែលខ្លាំង ប្រសើរជាងមានមិត្តដែលខ្សោយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា អត់មានវប្បធម៌ «នៅល្អ ចេញអាក្រក់» នោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អាមេល្បែង» បើចូលស្រុកសម្តេចនឹងលើកលែងទោស ហើយផ្តល់តួនាទីជូន។
- សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីអាយុ ២៥ឆ្នាំមក សម្តេចបានតាំងចិត្តឈប់ស្តាប់អ្នកនយោបាយណាទាំងអស់ គឺធ្វើអ្វីៗដើម្បីតែប្រជាជនប៉ុណ្ណោះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧មក មិនមាននរណាជាមេរបស់សម្តេចនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន ចង់បង្រៀនដោយផ្ទាល់លើមន្ត្រីបក្សប្រជាជនកម្ពុជា លើទ្រឹស្តីចំនួន៣ រួមមាន៖ សម្ភារៈនិយមវីចារវិទ្យា សម្ភារៈនិយមប្រវត្តិសាស្ត្រ វីធីសាស្ត្រដឹកនាំ និងធ្វើការងារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវាយតម្លៃសភាពការណ៍ខុស គឺមិនអាចធ្វើការបានជោគជ័យនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីការវិភាគបានត្រឹមត្រូវ សម្តេចផ្អែកលើទស្សនៈចំនួន៣ រួមមាន៖ សម្ភារៈនិយមវីចារវិទ្យា ប្រវត្តិសាស្ត្រ និងតក្កវិទ្យា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនប៊ូយ៉ុង ផ្តល់ថវិកា សម្រាប់ទិញរថយន្តក្រុង ១ពាន់គ្រឿង។
- សម្តេចតេជោ ហ៊ុន សែន ផ្តាំគូរស្នេហ៍ស្គាល់គ្នាលើរថយន្តពេលធ្វើដំណើរទៅស្រុកកំណើតពេលចូលឆ្នាំថ្មី ពេលរៀបអាពាហ៍ពិពាហ៍ សូមផ្តល់ព័ត៌មានជូនសម្តេច។
- សម្តេចតេជោ ហ៊ុន សែន លើកគំនិតឱ្យការវិភាគថវិកាជាតិ មិនត្រូវផ្តោតតែលើការបង្កើនបៀវត្សរ៍នោះទេ តែត្រូវប្រើសម្រាប់កសាងអគារសិក្សា ជំនួសអគារចាស់ ដែលទ្រុឌទ្រោម និងកសាងអគារសិក្សាថ្មីឆ្លើយតបកំណើនសិស្ស។
- សម្តេចតេជោ ហ៊ុន សែន អតីតកាលបានកន្លងហួសទៅ តែបានបន្សល់ទុកនូវមេរៀនច្រើនណាស់សម្រាប់កម្ពុជា ដែលត្រូវតែប្រឹងប្រែងរួមគ្នាកុំឱ្យកម្ពុជាវិលត្រឡប់ទៅក្រោយវិញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឱ្យកម្ពុជាមាននោះទេ។ តែការមិនយកនឹងធ្វើឱ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយប្រទេសដទៃពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាចនឹងមិនយកពីកម្ពុជាផងដែរ។
- សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែងឪពុកម្តាយ និងបងប្អូនរបស់ ស៊ន តារា ដែលសម្តេចចាត់ទុកជាក្មេងពាល៕