FN ៖ បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា ក្នុងជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិទាំងមូល ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់។
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះ ទៅរកការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំងមូល។
លោកបន្តថា ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹងជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្ស របស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។
លោកបន្ថែមថា ការបញ្ចប់ការសិក្សាដោយជោគជ័យ តាមរយៈការទទួលបានសញ្ញាបត្រដូចពេលនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់បុគ្គលម្នាក់ៗ ជាអាទិ៍៖
១- ការពង្រឹងអំណាចម្ចាស់ការលើខ្លួនឯង ពីព្រោះចំណេះដឹងជាកម្លាំងចលករ ដែលអាចប្រែក្លាយគំនិតឱ្យទៅជាការពិត ព្រមទាំងផ្តល់លទ្ធភាព ក្នុងការជួយឱ្យសម្រេចនូវសុបិន្តរបស់ខ្លួន ជាពិសេសចំណេះដឹងអាចបង្កើតជាមូលដ្ឋាននៃឯករាជ្យភាព និងសេរីភាពលើការសម្រេចចិត្ត និងជាប្រភពនៃភាពក្លាហាន និងជំនឿទុកចិត្តលើខ្លួនឯង
២- ជាមូលដ្ឋានសម្រាប់ឈាន ទៅការបន្តអភិវឌ្ឍសមត្ថភាព ឱ្យមានកម្រិតកើនឡើងថែមទៀត ដោយហេតុថា ការណ៍ដែលមានចំណេះដឹងកាន់តែច្រើន និងគុណវុឌ្ឍកាន់តែខ្ពស់ អាចជួយបង្កើនឱ្យកាន់តែមានភាពបត់បែនក្នុងការចាប់យកជំនាញថ្មី (Reskilling) និងធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗ។
លោកក៏សូមអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ, បុគ្គលិក និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានពុះពារច្នៃប្រឌិតក្នុងការបង្ហាត់បង្រៀននិស្សិត តាមបែបចម្រុះ ទាំងការបង្រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតអាចសិក្សារៀនសូត្រ ដោយគ្មានការអាក់ខាន ក្នុងរយៈកាលរីករាលដាលនៃជំងឺកូវីដ-១៩ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។
លោកក៏សូមអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានផ្ដល់អាហារូបករណ៍ជូនដល់ សម្ដេចតេជោនាយរដ្ឋមន្រ្តី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ននេះ សរុបចំនួន១០០នាក់ ដែលនេះ គឺជាទឹកចិត្ត និងកាយវិការប្រកបដោយធម៌សប្បុរសថ្លៃថ្លា នៅក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕